ហួសចិត្តណាស់! ចៅហ្វាយក្រុង ដាក់ធ្ងន់ៗទៅកាន់ចៅសង្កាត់ និងមេខណ្ឌ មើលអត់ឃើញគេចាក់ដីទាំងឡានៗបំពានយកមាត់ប្រឡាយទឹកស្អុយ (វីដេអូ)

ចៅហ្វាយក្រុងភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានសម្តែងការហួសចិត្តជាខ្លាំង ដោយបានដាក់ធ្ងន់ៗទៅកាន់ចៅសង្កាត់ និងអភិបាលខណ្ឌមានជ័យ ឲ្យប្រញាប់ប្រាប់ទៅអ្នកចាក់ដីរំលោភលើប្រឡាយទឹកស្អុយ ឲ្យកាយចេញវិញជាបន្ទាន់ បើមិនធ្វើតាមទេ នឹងត្រូវប្រញាប់ប្តឹងទៅតុលាការតែម្តង។

ឯកឧត្តម ឃួង ស្រេង ក៏បានមានប្រសាសន៍សួរទៅកាន់លោកចៅសង្កាត់ថា ហេតុអ្វីបានជាបណ្តែតបណ្តោយឲ្យគេចាក់ដីបែបនេះបាន? ហេតុអ្វីមើលមិនឃើញ? នេះជាទង្វើនៃការចាក់ដីរំលោភប្រឡាយទាំងឡានៗ មិនមែនវេចដាក់ក្នុងហៅប៉ៅលួចយកមកចាក់ស្ងាត់ៗទេណ៎ា! សូមជ្រាបឲ្យច្បាស់!។ ឯកឧត្តមបន្តថា បើគេហ្នឹងធំណាស់ ធ្វើមិនកើតទេ គួរណាស់រាយការណ៍ទៅខណ្ឌ ឬ មកលោកផ្ទាល់ ដែលមិនគួរឲ្យទុករឿងនេះទាល់ពលរដ្ឋរិះគន់នោះឡើយ។

ជាចុងក្រោយ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ហើយបញ្ជាក់ទៀតថា ត្រូវប្រញាប់ធ្វើរឿងនេះឲ្យខាងតែបាន បើមិនធ្វើទេ «អាញ់នឹងប្តឹងមេខណ្ឌវិញម្តង!»។

សូមបញ្ជាក់ថា រឿងដ៏ហួសចិត្តនេះបានកើតឡើង គឺស្របពេលក្នុងឱកាសដែលឯកឧត្តម ឃួង ស្រេង បានចុះពិនិត្យប្រឡាយបង្ហូរទឹក ក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ ហើយបានឃើញពំនូកដីលយចូលប្រឡាយទឹកស្អុយ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នា២០២០៕