កាលពីថ្ងៃម្សិលមិញនេះ ហេតុការណ៍មួយបានបង្កឲ្យមានការភ្ញាក់ផ្អើល និងវែកញែករកខុសត្រូវ ពេញបណ្តាញសង្គមតែម្តង ទាក់ទងនឹងករណីចោរស្រីឆក់ម្នាក់ ត្រូវបានម្ចាស់កាបូបដែលគេដឹងថាជាចៅក្រមសាលាដំបូងខេត្តកោះកុង ជិះឡានដេញតាម និងជ្រុលបុកបណ្តាលឲ្យស្លាប់នៅនឹងកន្លែង កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
ទោះយ៉ាងណា បើប្រភពច្បាស់ការពីអធិការដ្ឋាននគរបាលខណ្ឌ សែនសុខបានអោយដឹងថា នៅព្រឹកថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២០ លោក គង់ ខេមរា ចៅក្រមដែលទទួលរងការឆក់កាបូបនេះ ត្រូវបានសមត្ថកិច្ចនគរបាលអធិការដ្ឋានខណ្ឌ បានរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់ពីបទមនុស្សឃាតដោយអចេតនា។
យ៉ាងណាមិញ ក្រឡេកមកមើលវីដេអូពីទិដ្ឋភាពចោរស្រីនេះឆក់កាបូប លោក គង់ ខេមរា មុនពេលជិះឡានដេញតាម និងជ្រុលបុកបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង គឺពិតជាមិនធម្មតាទេ ខណៈចោរស្រីនេះជិះម៉ូតូម្នាក់ឯង ហើយហ៊ានធ្វើសកម្មភាពទាំងអ្នកដំណើរជិះឆ្លងកាត់ខ្វែងខ្វាត់។
សូមទស្សនាវីដេអូស្តែងៗខាងក្រោមទាំងអស់គ្នា៕