វីដេអូនៃសកម្មភាពសមត្ថកិច្ចប្រឆាំងគ្រឿងញៀន ដែលស្លៀកស៊ីវិលមួយក្រុម ប្រើអំពើហិង្សាទៅលើជនសង្ស័យម្នាក់ បណ្តាលឲ្យដេកដួលសន្លប់ស្តូកស្តឹង បានបង្កការរិះគន់យ៉ាងខ្លាំង ដល់ថ្នាក់មហាជនដាក់ធ្ងន់ៗថា នេះមិនមែនជាករណីសមត្ថកិច្ចដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវអនុវត្តច្បាប់ទេ តែជាករណីក្រុមពាលបង្ក្រាបពាល។
យ៉ាងណាមិញ ក្រោយពីបានពិនិត្យឃើញថា រូបភាពនេះហាក់ជ្រុលហួសហេតុ ដែលនាំឲ្យនាំមហាជនរិះគន់មិនខុស មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន និងទទួលស្គាល់ថា សកម្មភាពប្រតិបត្តិការរបស់មន្រ្តីអនុវច្បាប់ បានប្រើប្រាស់សិទ្ធិហួសព្រំដែននៃវិន័យរបស់កម្លាំង និងវិជ្ជាជីវៈ និងចាត់ទុកថាកិច្ចការនេះជាបទពិសោធន៍ និងបានបញ្ជូនមន្រ្តីនគរបាលចំនួន ០៣ នាក់ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តហិង្សានេះ ទៅកាន់អង្គភាពតម្រួតបទបញ្ជា ដើម្បីដាក់វិន័យរបស់កម្លាំងនគរបាលជាតិរួចហើយ។
ទាក់ទឹងករណីឈានកើតមានអំពើហិង្សាដ៏មិនសមរម្យនេះផងដែរ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានធ្វើការបំភ្លឺឲ្យដឹងផងថា ក្នុងអំឡុងពេលប្រតិបត្តិការជំនាញ មានជនសង្ស័យមួយក្រុមមានគ្នា ០៣ នាក់ បានប្រព្រឹត្តអំពើហិង្សាដោយប្រើមួកសុវត្ថិភាពវាយមកលើសមត្ថកិច្ច ខណៈនោះសមត្ថកិច្ចក៏បានប្រើប្រាស់សិទ្ធិការពារខ្លួន ដើម្បីទប់ទល់សភាពការណ៍ ដើម្បីអនុវត្តភារកិច្ច និងឈានដល់ចាប់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ផាត់ សុវណ្ណារ៉េត មានទីលំនៅផ្ទះលេខ M៧២ ផ្លូវលេខ ៣០៨ សង្កាត់ទន្លេបាសក់ ខណ្ឌចំការមន រាជធានីភ្នំពេញរីឯជនសង្ស័យចំនួន០២នាក់ទៀត បានរត់គេចខ្លួន។
ជាមួយគ្នានេះផងដែរ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានថ្លែងអំណរគុណ ចំពោះកិច្ចសហការល្អរបស់សាធារណជន និងពិសេសបណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សង្គម និងរីករាយទទួលយកការរិះគន់ក្នុងន័យស្ថាបនា។
តែយ៉ាងណា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏សូមអំពាវនាវដល់សាធារណជន និងបណ្តាញសង្គម ចៀសវាការអត្ថាធិប្បាយលើករណីបុគ្គល ដែលនាំឲ្យប៉ះពាល់ដល់កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នអនុវត្តច្បាប់៕