ចូលរួមរំលែកទុក្ខផង! នារីម្នាក់ដែល​ទឹកហូរ​គួច​យក​ទៅបាត់​ នៅ​រមណីយដ្ឋាន​ «ទឹកធ្លាក់ថ្មដាតូច» ត្រូវបានរក​ឃើញហើយ នាង​ស្លាប់​យ៉ាងអាណោចអាធ័ម

កាលពីវេលាម៉ោង ០២៖៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ នៅ​ត្រង់​ចំណុច​រមណីយដ្ឋាន «ទឹកធ្លាក់ថ្មដាតូច» ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់​ មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយ​បាន​កើត​ឡេីង​ ខណៈ​ដែលនារីម្នាក់ដែលត្រូវបានគេដឹងថា បានរអិលជើងធ្លាក់ចូលខ្សែទឹកកំពុងហូរខួចខ្លាំងក្លាបំផុតយកទៅបាត់ ហើយសពរបស់នាងត្រូវរកឃើញហើយ នៅថ្ងៃរសៀលនេះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ដោយការខិតខំប្រឹងប្រែងរករបស់បងប្អូនកងកម្លាំងយោធភូមិភាគទី៥។

បុរសម្នាក់ឈ្មោះ ប៊ុន ទិត្យ អាយុ ៣៤ ឆ្នាំ ដែលឃើញហេតុការណ៍ផ្ទាល់ បាននិយាយថា ខណៈពេលគាត់កំពុងហូបបាយ ស្រាប់តែឃើញទឹកហូរកួចនារីម្នាក់គួរឲ្យរន្ធត់ ហើយភ្លាមៗនោះគាត់ក៏បានហក់ទៅជួយចាប់ ដោយដៃម្ខាងចាប់ខ្សែពួរ និងដៃម្ខាងទៀតចាប់ជាប់អាវនារីរបស់នាង ប៉ុន្តែ ដោយសារតែខ្សែទឹកហូរខ្លាំងពេក ក៏របូតដៃនាងធ្លាក់ទៅខាងក្រោមជ្រោះតែម្តង។

ជុំវិញហេតុការណ៍នេះផងដែរ បើតាមគណនីហ្វេសប៊ុកលោក សេង ធារិន បានបញ្ជាក់ប្រាប់ឲ្យដឹងថា នារីរងគ្រោះឈ្មោះ នូ រ៉ានាត ភេទស្រីអាយុ ២៨ ឆ្នាំ មានទីលំនៅភូមិ ទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ សាកសពរបស់នាង ដែលត្រូវបានទឹកកួចយកដោយជំនន់ទឹកភ្លៀងកាលពីម្សិលមិញ នៅម៉ោង១៤:៣០នាទី នៅចំណុចទឹកធ្លាក់ថ្មដាតូចស្ថិតក្នុង ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់ ត្រូវបានរកឃើញនៅវេលាម៉ោង ១២ និង ៥៩ នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នេះ ដោយកងកម្លាំងសរុប ៦៣ នាក់ (ក្នុងនោះ កងការព្រំដែន៥០១ ចំនួន៣៣នាក់, វរសេនាតូចលេខ១ ចំនួន ១៥នាក់, ក.អ.ធ ផ្នែកសឹករងស្រុកវាលវែង ១០នាក់, ប៉៉ស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដា ៥នាក់ ដែលដឹកនាំដោយមេបញ្ជាការកងការពារព្រំដែនលេខ៥០១។

បច្ចុប្បន្នសពជនរងគ្រោះ បានប្រគល់ជូនសមត្ថកិច្ចជំនាញ និងបងប្អូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕