យុត្តិធម៌គឺត្រូវតែមែន! រីឯអ្នកប្រព្រឹត្តក៏ត្រូវតែមានទោស! ឃាត់ខ្លួនមេការគុយទាវអង្គរជុំ ពាក់ព័ន្ធករណីហឹង្សា និងគំរាមសម្លាប់លើនារីម្នាក់ ព្រោះបង្ខំរួមភេទមិនបាន (វីដេអូ)

ស្រ្តីម្នាក់បានធ្វើឲ្យមនុស្សជាច្រើន សម្តែងនូវក្តីអាណិតអាសូរជាខ្លាំង ខណៈកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ​២០២០ បានបង្ហោះ​វីដេអូ​ស្វែងរក​យុត្តិធម៌​និង​ការជួយ​អន្តរាគមន៍​ពីមហាជន នៅលើ​បណ្តាញ Tik Tok ដោយ​រៀបរាប់ថា​ខ្លួន​ត្រូវបាន​ថៅកែ​ហាង​គុយទាវ​អង្គរជុំ​វាយ​និង​គំ​រា ម​សម្លាប់​។

ស្រ្តីរងគ្រោះបានរៀបរាប់ឲ្យដឹងថា រូបនាងត្រូវបានមិត្តភក្តិណែនាំឲ្យទៅអង្គុយញ៉ាំបាយកំដរភ្ញៀវ ដើម្បីទទួលបានលុយធីប 20$ នៅហាងមួយកន្លែង។ បន្ទាប់ពី​ញ៉ាំ​បាយ​រួច ភ្ញៀវ​២​នាក់​បាន​បើកឡាន​ជូន​នាង​ត្រឡប់ទៅផ្ទះ​វិញ តែ​នៅតាម​ផ្លូវ​លើ​រថយន្ត​ភ្ញៀវ​ម្នាក់​បាន​បបួល​នាង​ទៅ​រួមភេទ ដោយ​សន្យាថា​ឲ្យ​ប្រាក់​ 100$ តែ​នាង​បាន​បដិសេធទៅជា​មួយ ក៏រឿងជាប្រកែកគ្នាឈានដល់ភ្ញៀវនោះវាយនាងបណ្តាលឲ្យរងរបួសដាច់​និងជាំលើផ្ទៃមុខច្រើនកន្លែង។

ស្រ្តីរងគ្រោះបន្តថា សំណាងហើយ ដែលរូបនាងបានបើកកញ្ចក់ទ្វារថយន្ត ស្រែកឲ្យគេឯងជួយទេ នោះមិនដឹងថា ជីវិតនាងនឹងយ៉ាងណានោះទេ។ មិនត្រឹមតែប៉ុណ្ណឹងទេ ជនដៃដល់ក៏បានគំរាមសម្លាប់នាងផងដែរ ប្រសិនជានាងហ៊ានប្តឹងរឿងនេះទៅសមត្ថកិច្ច។

ទោះយ៉ាងណា នាងមិនខ្លាចស្លាប់ និងបន្តបង្ហោះរៀបរាប់អំពីរឿងរ៉ាវដែលបានកើតឡើងមកខ្លួន នៅលើបណ្តាញសង្គម Tik Tuk និងបន្ទាប់មក​មានការជម្រុញលើកទឹកចិត្ត ពីបងប្អូនជាច្រើន ទីបំផុត នាងក៏សម្រេចចិត្តទៅដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានអនុវត្តតាមនិតិវិធី រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ កៅ ណូរ៉ា ដែលជាមេការហាងគុយទាវអង្គរជុំ សាខាបឹងសាឡាង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ និងបានបញ្ជូនដល់តុលាការតាមនិតិវិធីនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ហើយ៕