ក្តៅៗ! ពេលនេះ ក្រសួងផែនការ បញ្ជាមន្រ្តីរបស់ខ្លួនឲ្យដកបណ្ណសមធម៌ ពីពលរដ្ឋវិញ បើរកឃើញថាអ្នកមានជីវភាពធូរធារ

ក្រសួងផែនការ ថ្មីៗនេះ បានសម្រេចឱ្យមន្ត្រីរបស់ខ្លួន នៅគ្រប់រាជធានី ខេត្តទាំង២៥ ពិនិត្យឡើងវិញ ទៅលើ ការកំណត់អត្តសញ្ញាណកម្មពលរដ្ឋក្រីក្រ អំឡុងពេលកូវីដ១៩ បន្ទាប់ពីរកឃើញថា គ្រួសារមួយចំនួនដែលមានបណ្ណសមធម៌នោះ តែបែរជាមានជីវភាពធូរធារ

យោងតាមសេចក្តីប្រកាសចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ក្រសួងផែនការបាននិយាយថា បន្ទាប់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបានអនុវត្តក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ បានរកឃើញថាមានភាពមិនប្រក្រតីមួយចំនួន ដោយក្នុងនោះ គ្រួសារមួយចំនួនកាន់បណ្ណសមធម៌ដែលហួសុពលភាព, មានបណ្ណសមធម៌តែមានជីវភាពប្រសើរ ហើយគ្រួសារមួយចំនួនក៏នៅពុំទាន់មានបណ្ណសមធម៌ និងគ្រួសារមួយចំនួនទៀត ក៏ចាប់ផ្តើមបំបែកសមាជិកបង្កើតគ្រួសារថ្មី បំណងទទួលបានបណ្ណសមធម៌ដែរ។

ក្រសួងផែនការ ក៏បានឲ្យមន្រ្តីរបស់ខ្លួនដែលបានចុះទៅដល់មូលដ្ឋានជាពិសេសឃុំ សង្កាត់ ដើម្បីផ្តល់ការណែនាំពីនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩, ណែនាំដល់គ្រួសារដែលកំពុងប្រើបណ្ណសមធម៌ហួសសុពលភាព និងក៏ដូចណែនាំសុំដកបណ្ណសមធម៌ពីគ្រួសារមានជីវភាពប្រសើរ។ ប៉ុន្តែ ត្រូវពិនិត្យការកំណត់អត្តសណ្ណាកម្មគ្រួសារក្រីក្រដែលនៅពុំទាន់មានបណ្ណសមធម៌។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣០ ខែមិថុនា កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានព្រមានចាត់វិធានការលើ អាជ្ញាធរមូលដ្ឋាន ប្រសិនបើ រកឃើញភាពមិនប្រក្រតី នៅក្នុងដំណើរការផ្ដល់ប្រាក់ឧបត្ថម្ភ ទៅដល់ពលរដ្ឋក្រីក្រនៅ តាមមូលដ្ឋានរបស់ខ្លួន៕