រឿងរ៉ាវដ៏ហួសចិត្តនឹកស្មានមិនដល់មួយកើតឡើងនៅក្នុងភូមិព្រែកចង្រាន់ក្រោម ឃុំព្រែកចង្រាន់ក្រោម ស្រុកសីុធរកណ្ដាល ខេត្តព្រៃវែង ដោយបងប្អូនជីដូនមួយនឹងគ្នា២គ្រួសារ ខណៈមិនត្រូវគ្នា គឺភាគីផ្ទះខាងមុខបានធ្វើរបងបិទផ្លូវដើររួម ៦០ ឆ្នាំ មិនឲ្យចេញចូលបានទៀតទេ និងសូម្បីគំរាមថា ប្រសិនជាហ៊ានដកចេញ នោះបង្គោល១ដើមស្មើនឹង ១ម៉ឺនដុល្លារៗ។
នេះបើយោងតាមភាគីជីដូនមួយដែលរងការបិទផ្លូវ មានគណនីហ្វេសប៊ុកឈ្មោះ ជីអ៊ុន កូនម៉ាក់ បានធ្វើការបង្ហោះវីដេអូជាច្រើនឃ្លីប និងរៀបរាប់បញ្ជាក់ឲ្យដឹងថា៖ «ផ្លូវនេះគ្រួសារខ្ញុំដើរ60ឆ្នាំហើយ ឥឡូវគេមកបិទរបងមិនអោយដើរ បើនរណាដករបងចេញរបង1ដើម 10000$ សូមបងប្អូនជួយដែរផង។»
ម្ចាស់គណនីខាងលើ ក៏បានបញ្ជាក់ឲ្យបងប្អូននៅក្នុងបណ្តាញសង្គមដឹងថា គ្រួសារគាត់ពុំហាមឃាត់ធ្វើរបងនោះទេ តែសូមធ្វើទុកផ្លូវល្មមឡាន ម៉ូតូ ចេញចូលបានផង។ ហើយបើធ្វើបិទបែបនេះ តើឲ្យពួកគាត់ចេញចូលតាមរបៀបណា ខណៈដែលមេឃុំក៏មិនអនុញ្ញាតអោយបិទដែរ។
ទោះយ៉ាងណា យើងទាំងអស់គ្នា នឹងរង់ចាំតាមដានមើលរឿងរ៉ាវនេះបន្តទៀត តើថាអាជ្ញាធរភូមិឃុំ អាចដោះស្រាយជូនពួកគាត់ដែរឬ យ៉ាងណា៕