ក្រោយពីមានការបង្ហោះចែករំលែកតៗគ្នា នៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងករណីអ្នកភូមិម្នាក់ វាទដីស្រែរំលោភផ្លូវដើររួមអស់សឹងពាក់កណ្តាល ស្ថិត នៅភូមិតាហង់ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បង្កឲ្យមានការរិះគន់យ៉ាងចាស់ៗដៃរួចមក នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានដឹកនាំក្រុមការងារចុះទៅសម្របសម្រួលដោះស្រាយករណីរំលោភលើដីផ្លូវស្រែខាងលើ និងឲ្យអ្នកបង្កលើកដីចាក់បំពេញផ្លូវនោះឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាធម្មតា។
អភិបាលស្រុករមាសហែក លោកស៊ូ ម៉ុល បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើដែលត្រូវបានគេបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោក និងក្រុមការងារពាក់ព័ន្ធ បានចុះទៅត្រួតពិនិត្យ និងរកឃើញថា ករណីនេះពិតជាបានកើតឡើងពិតប្រាកដ។
លោកបន្តថា ពលរដ្ឋដែលរំលោភលើដីផ្លូវដើម្បីពង្រីកដីស្រែខ្លួនឲ្យធំ គឺមានឈ្មោះ ពៅ សារិទ្ធ ភេទប្រុស អាយុ ៥១ ឆ្នាំ រស់នៅភូមិតាហង់ ឃុំកំ ពង់ត្រាច ស្រុករមាស ហែក ខេត្តស្វាយរៀង។ ជាលទ្ធផល ឈ្មោះ ពៅ សារិទ្ធ និិងប្រពន្ធ បានព្រមព្រៀងលើកដីចាក់បំពេញផ្លូវនោះវិញ និងបានសន្យាឈប់ធ្វើរឿងនេះទៀត។
ក្នុងនោះ លោកអភិបាលស្រុក ក៏បានជួយឧបត្ថម្ភថវិកាចំនួន ៤០ ម៉ឺនរៀលដល់លោក ពៅ សារិទ្ធ និងភរិយា ផងដែរ៕