ដូចដែលប្រិយមិត្តជាច្រើនដឹងហើយ កាលពីថ្ងៃទី១៥ ខែកក្កដា ម្សិលមិញនេះ នៅវេលាម៉ោង ៣និង១០នាទីរសៀល មានហេតុការណ៍អគ្គីភ័យបានឆាបឆេះហាងហ្គូរីគ្រឿងសំអាង មួយកន្លែងស្ថិតនៅផ្ទះលេខ៧០១C ផ្លូវមហាវិថីមុនីវង្សា ក្រុមទី១៦ភូមិ៩ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ចំពោះមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគិ្គសនី (ផ្ទុះសេម៉ាសុីនបោកខោអាវ) ។
យ៉ាងណាមិញ ចំពោះប្រតិបត្តិការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់បំផុត របស់មន្ត្រីបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើឲ្យប្រពលរដ្ឋសម្តែងការអរគុណយ៉ាងខ្លាំង ចំពោះការលះបង់យ៉ាងខ្លាំងរបស់ពួកគាត់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបទុក្ខក្នុងអាគ្រាអាសន្នដ៏ធំនេះ។ ហើយថ្មីៗនេះផងដែរ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះសារដោយភ្ជាប់មកជាមួយនិងរូបភាពដោយមានខ្លឹមសារយ៉ាងដូច្នេះថា « ទោះបីហត់ និងឃ្លានបែបណា ក៏មិនដេីរចោលកន្លែងដែរ សុខចិត្តនៅអង្គុយហូប នឹងសម្រាកនៅនឹងកន្លែង ដេីម្បីជួយសង្គ្រោះ ថ្នាក់ដឹកនាំល្អ ដែលតែងតែគិតគូរដល់កូនចៅគ្រប់ៗគ្នា លេខទាន់ហេតុការណ៍ 666 » ។
បន្ទាប់ពីបានឃើញរូបភាពនិងអានខ្លឹមសារខាងលើរួចបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងក្តីរំភើបនិងសប្បាយចិត្តយ៉ាងខ្លាំង ព្រោះពួកគាត់មានមន្ត្រីល្អៗ ដែលបានលះបង់ខ្ពស់ ក្នុងការគិតគូរដល់សុវត្តិភាពរបស់ប្រជាពលរដ្ឋ នៅក្នុងគ្រាដ៏មានទុក្ខនេះ។ មិនត្រឹមតែប៉ុណ្ណឹងទេ នៅពេលបញ្ចប់ភារកិច្ចជួយសង្គ្រោះនេះ គឺពួកគាត់ក៏បង្ហាញនូវធ្វើគំរូដ៏ល្អ ក្នុងការសម្អាតទីកន្លែងការងារទៀតផង៕