កន្លងមកព្រះសង្ឃទិញរថយន្តផ្ទាល់ខ្លួន ឬ ជាអំណោយ ដែលប្រើប្រាស់ស្លាកលេខក្លែងក្លាយត្រូវបានសមត្ថកិច្ចឃាត់អប់រំណែនាំនិងធ្វើកិច្ចសន្យាជាបន្តបន្ទាប់។ តែទោះយ៉ាងណា គេនៅតែសង្កេតឃើញព្រះសង្ឃមួយចំនួនតូចនៅតែបំពានប្រហែលដោយសារអាងអំណាចស្បង់ចីពរ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានស្នើដល់ព្រះមេគណ លោកប្រធានមន្ទីរធម្មការ និងសាសនា គ្រប់រាជធានី-ខេត្ត ផ្សព្វផ្សាយដល់គ្រប់វត្តអារាមទាំងអស់ ឱ្យបញ្ឈប់ការប្រើប្រាស់រថយន្តដែលបំពាក់ស្លាកលេខវត្តមិនត្រឹមត្រូវបន្តទៀត ។ នេះបើយោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។
ក្នុងលិខិតប្រកាសនេះផងដែរ លោករដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ក៏បានបញ្ជាក់ឲ្យបានជ្រាបថា កន្លងមក មានករណីប្រើប្រាស់ស្លាកលេខដោយដាក់ឈ្មោះវត្តនៅលើរថយន្ត ដែលផ្ទុយពីស្មារតីនៃអនុក្រឹត្យលេខ៧៣ អនក្រ.បក ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ «ស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ស្លាកលេខសម្គាល់យានជំនិះ» ត្រង់មាត្រា១៩ ដែលហាមប្រើប្រាស់ស្លាកលេខដែលច្នៃប្រឌិត ឬ តុបតែងបន្ថែម ផ្ទុយពីស្លាកលេខចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
គួរបញ្ជាក់ផងដែរ ចំណាត់ការរបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ធ្វើឡើងនៅពេលនេះ គឺបន្ទាប់មជ្ឈដ្ឋានមហាជនជាច្រើន បាននាំគ្នារិះគន់ចំពោះបញ្ហានេះ៕