លោកពូម្នាក់ដែលគេដឹងជាអនុប្រធានភូមិ បានត្រូវរងរបួសឈាមស្រោចមុខ បន្ទាប់ពីគាត់បានរងគ្រោះថ្នាក់ ត្រូវដែកប្រវែងជិត២ម៉ែត្រ ធ្លាក់ពីលើអគារខុនដូមួយកន្លែងជិតមន្ទីរពេទ្យរុស្ស៊ី ត្រូវចំក្បាល ប៉ុន្តែ នេះចាត់ទុកជាគ្រោះថ្នាក់សំណាងខ្លាំងណាស់ ដែលគាត់បានមួកសុវត្ថិភាពជួយការពារ។
ហេតុការណ៍ដ៏រន្ធត់នេះ ត្រូវបានដឹងកើតឡើងចំណុចអាគាខុនដូ៩៩៩ កំពុងស្ថិតក្រោមការសង់ (ក្បែរពេទ្យរុស្ស៊ី) កាលពីវេលាម៉ោង១៦ និង ២០នាទី ល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅផ្លូវ១៨៧ ក្រុម១៧ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ទាក់ទងនឹងហេតុការណ៍ដ៏គួរឲ្យព្រួយបារម្ភខាងលើនេះផងដែរ នាំឲ្យគេរិះគន់ថា នេះជាករណីធ្វេសប្រហែសដដែលៗ សម្រាប់ការដ្ឋានសំណង់អគារធំៗ ដែលតែងកើតមានឡើងជារឿយៗ នៅក្នុងរាជធានីភ្នំពេញ ដែលសមត្ថកិច្ចមិនគួរអត់ឱនទោសឲ្យបានឡើយ។ ភ្ជាប់នឹងករណីដ៏រន្ធត់នេះផងដែរ គេនៅចាំបានថា ស្រ្តីម្នាក់ខណៈកំពុងជិះម៉ូតូសុខៗ ស្រាប់តែដែកជ្រុងប្រវែងជាង១ម៉ែត្រ បានធ្លាក់ពីលើអាគារកំពុងសាងសង់ត្រូវចំក្បាលធ្លាយខួរស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម នៅជាប់របងស្តាតអូឡាំពិក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌមករា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤។
ដោយឡែក ករណីធ្លាក់ដែកពីលើអគារខ្ពស់កប់ពពក៤២ជាន់ កាលពីវេលាម៉ោង ១ និង ៣០នាទី ថ្ងៃត្រង់ថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុចសំណង់អគា ៤២ ជាន់ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង បានបណ្តាលឲ្យរថយន្តទំនើប១គ្រឿង រងការខូចខាតយ៉ាងដំណំ តែសំណាងដែលពុំប៉ះពាល់ដល់អាយុជីវិតមនុស្ស៕