នគរបាលខេត្តព្រៃវែងចំនួន៧ នាក់ ត្រូវបានដាក់វិន័យ ផ្អាកការងារបណ្ដោះអាសន្ន ដោយសារតែ​ចាប់ប្រជាពលរដ្ឋ​២​នាក់ វាយជាំពេញខ្លួន ជំរិតយកលុយ​

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេ​ត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេចដាក់វិន័យ​ដោយផ្អាកការងារបណ្តោះអាសន្ន ទៅលើនគរបាលខេត្តព្រៃវែងចំនួន ៧ នាក់ ដែលបានចាប់ប្រជាពលរដ្ឋ​២​នាក់ វាយជាំពេញខ្លួន ជំរិតយកលុយ​។ នេះបើតាមសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ ចុះនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

ជុំវិញរឿងនេះ បើតាមទំព័រហ្វេសប៊ុកលោក ផែង វណ្ណៈ នៅមុននេះបន្តិច (ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០) បានសរសេរបញ្ជាក់ប្រាប់ឲ្យដឹងថា៖ « នៅព្រឹក​ថ្ងៃទី​ ២​៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០២០​ ខ្ញុំបានចុះមកខេត្តព្រៃវែង​ជួប​យុវជន​ ២នាក់​ ជាកម្មករ​ផ្សារដែក​ ដែលរងគ្រោះ​ដោយសារ​ លោក​អនុសេនីយ៍​ឯក​ ទូច​ ធារ៉ា​ នាយរងការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃ​វែង​ ចាប់​ធ្វើ​ទារុណកម្ម​ និង​ ជំរឹតយកលុយ​ ៤​ លាន​ រៀល​ កាល​ពីថ្ងៃទី​ ២០​ ខែ​ កក្កដា​ ឆ្នាំ​ ២០២០​ ទាំងប្អូនទាំងពីរ​គ្មានកំហុស​អ្វីសោះ​ ។

ពេល​ខ្ញុំទៅដល់​ ទេីបដឹងថា​ គ្រួសារ​ យុវជន​ទាំងពីរ​ជាប្រជាពលរដ្ឋក្រីក្រ​ រកមួយថ្ងៃរស់មួយថ្ងៃ​ ហេីយ​ឪពុកម្ដាយ​យុវជន​ទាំងពីរ​បាន​នាំគ្នាទៅខ្ចីលុយចងការប្រាក់គេ​ម្នាក់​ ២លានរៀល​ សរុប​ ៤​ លានរៀល​ ដោយគិតការប្រាក់ក្នុងមួយខែ​ ១២​ ម៉ឺន​រៀល​ ដេីម្បី​យកទៅ​អោយ​លោក​អនុសេនីយ៍​ឯក​ ទូច​ ធារ៉ា​ ទេីបឈ្មោះ​ ទូច​ ធារ៉ា​ ដោះលែង​ យុវជនទាំងពីរ​ ។

ដោយក្ដី​អាណិតអាសូរ​ខ្ញុំបានរៃលុយជាមួយមិត្ត​ភក្តិ​ បាន​ចំនួន​ ៤​ លានរៀល​ និង​ ១៣​ ម៉ឺន​រៀល​ថែមទៀត​ អោយ​ពួកគាត់​យកទៅសងគេវិញ។

សង្ឃឹមថា​យុវជន​ទាំងពីរ​នេះ​ នឹងទទួល​បាន​យុត្តិធម៌ឆាប់ៗ​ ហេីយ​មន្ត្រី​ពាក់ព័ន្ធ​នឹងត្រូវទទួលទោសតាមច្បាប់ ។»

សូមបញ្ជាក់ថា ​មន្ត្រីនគរបាលជាតិចំនួន​៧​រូប​នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្តព្រៃវែង ដែលត្រូវបានផ្អាកពីការងារបណ្តោះអាសន្ន រួមមាន៖

១- ឧ​ត្ត​ម​សេនី​ត្រី​យ៍ ថោង វណ្ណឌី ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន

២- ​វរសេនីយ៍ឯក ពៅ ជីវ័ន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន

៣- អនុសេនីយ៍ឯក ទូច ធារ៉ា នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន

៤- អនុសេនីយ៍ឯក ស៊ី បូ នាយផ្នែក​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន

៥- អនុសេនីយ៍ឯក ហេង ចាន់​រតនា មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន

៦- អនុសេនីយ៍ឯក សៀក ចាន់​ធឿន មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​៧- អនុសេនីយ៍ទោ យុន តារា​ភ័​ស្ត មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ៕