នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Thong Kimseng បានបង្ហោះប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២ និង៣០ នាទី មានករណីចោរញីឈ្មោល១គូ បានធ្វើសកម្មភាពចូលលួចកាបូបលុយនៅកន្លែងបញ្ចូលហ្គាសរបស់គាត់ ប៉ុន្តែ សំណាងល្អ កូនចៅគាត់ឃើញទាន់ និងដេញតាមដណ្តើមកាបូបពីចោរវិញបាន។
ម្ចាស់គណនីខាងលើក៏បានបញ្ជាក់ឲ្យដឹងថា ពួកចោរមានគ្នា៣នាក់ ក្នុងនោះចោរញីឈ្មោលដែលធ្វើសកម្មភាពជិះម៉ូតូគ្រឿងម៉ាកហុងដា Dream ពណ៌ខ្មៅ ឆ្នាំ2020 ពាក់ស្លាកលេខ ភ្នំពេញ 1IH-5742 និងមួយគ្រឿងទៀតម៉ាកហុងដា Beat បើកដោយបុរសម្នាក់ (ជាអ្នកបិទគូថ)។
ទោះយ៉ាងណា អ្វីដែលធ្វើឲ្យមនុស្សជាច្រើន មានការសោកស្តាយ និងហួសចិត្តខ្លាំងបំផុតនោះ គឺត្រង់ថាម្ចាស់កាបូប បានខំប្រទែងប្រទង់ធ្វើឲ្យចោរញីឈ្មោលទាំងពីរដួលទៅហើយ តែបែរជាមនុស្សមួយគគោកនៅនឹងកន្លែងកើតហេតុ ពុំអាចធ្វើអ្វីចោរបាន និងសូម្បីឲ្យពួកចោររួចខ្លួនទៀត អត់នាំគ្នាជួយសោះ ដែលនាំឲ្យគេលើកឡើងថា បើរឿងអត់ប្រយោជន៍យកល្បីវិញ គឺលឿនហ្មង៕