មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាហ្វេសប៊ុកល្បីៗជាច្រើននិងជាបុគ្គលកំពុងជោគជ័យជាមួយមុខជំនួញផ្សេងៗ បាននិងកំពុងប្រជែងគ្នាបង្អួតពីភាពមានបានរបស់ខ្លួន តាមរយៈការបង្ហាញផ្ទះវីឡា ឡានទំនើបៗមានតម្លៃកប់ៗពពក និងក៏ដូចគ្រឿងអលង្ការមាសពេជ្រពាក់ជ្រែកៗខ្លួនផងដែរ។
បើទោះជាការបង្ហោះបង្អួតភាពមានបាន គឺជាសិទ្ធិរបស់គេយ៉ាងណា តែមនុស្សមួយចំនួនធំ ហាក់មិនសូវជាចូលចិត្តស៊ីជោរតាមប៉ុន្មាននោះទេ ដោយគេបានលើកឡើងដូចៗគ្នានេះថា «ខ្លាចគេមិនដឹងថា ខ្លួនឯងហ្នឹងមានក៏អី»។
ជុំវិញរឿងនេះផងដែរ ឯកឧត្តម ម៉ុង រិទ្ធី ដោយសារតែឃើញហួសចិត្តពេកនិងស្របពេលដែលអ្នកខ្លះក៏ចោរកំពុងតាមឃ្លាំ ឯកឧត្តមក៏បានមានមតិលើកឡើង និងក៏ដូចជាជួយផ្តល់ជាគំនិតល្អៗងាកមកធ្វើរឿងទាំងនេះជាប្រយោជន៍ច្រើនទៅដល់សង្គមល្អជាង ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖ «នៅក្នុងគ្រាដ៏សែនមហាវិនាសកម្មដោយសារតែជំងឺឆ្លងកូរ៉ូណា កូវីដ-១៩ដ៏មហាប្រលៃ នៅលេីភពផែនដីយេីងនេះក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជាយេីងផងដែរ ដូច្នេះហេីយខ្ញុំសូមអភ័យទោសមុននិងនិយាយ ក្រែងលោមានអារម្មណ៍មិនល្អដល់ប្រីយមិត្តនៅក្នុងបណ្តាញសង្គមfbនេះ។
ខ្ញុំសុំចិត្តសុំថ្លេីមអ្នកដែលចូលចិត្តឈ្លោះប្រកែកគ្នា និយាយរឿងមិនល្អបង្ហោះបង្អួតទ្រព្យសម្បត្តិ ឡានវីឡា លុយកាក់ មាសពេជ្រ និងរឿងដែលមិនសមរម្យមួយចំនួនទៀតបង្ហោះតាមបណ្តាញសង្គមfbសូមមេត្តាឈប់បង្ហោះទៀតទៅ ព្រោះអីយេីងត្រូវដឹងថាមិនមែនមេីលឃេីញតែនៅក្នុងប្រទេសយេីងទេគឺគេមេីលឃេីញទូទាំងពិភពលោក មានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាក៏ដោយរក្សាវាទុកទៅចង់ទិញអីក៏ស្រេចតែចិត្តចង់ទៅ មិនចាំបាច់បង្អួតប្រាប់គេឯងទេបេីខ្លួនពិតជាស្រឡាញ់ដល់ប្រជាជនក្រីក្រមែន គួរណាតែយកទ្រព្យសម្បត្តិដែលមាននេះយកទៅវិនិយោគលេីវិស័យកសិកម្ម កសិឧស្សាហកម្មតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយេីងដេីម្បីបង្កេីតការងារអោយដល់ប្រជាពលរដ្ឋក្រីក្រធ្វើ និងបានចូលរួមចំណែកមួយផ្នែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាយេីង ព្រមទាំងមិនបានរំខានដល់សន្តិសុខសុវត្ថិភាពសង្គមផងដែរ ។» ៕