រន្ធត់​ណាស់​! ផ្ទុះ​ឃ្លាំង​រំសេវ​ដ៏​ធំ​នៅ​លី​បង់ បណ្តាល​ឲ្យ​មនុស្ស​ជិត ១០០ នាក់​ស្លាប់ និង ៤០០០ នាក់​រងរបួស (​វីដេអូ​)

ការផ្ទុះ​ឃ្លាំង​រំសេវ​ដ៏​ធំ​មួយ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​៤ ខែសីហា នៅ​រដ្ឋធានី Beirut នៃ​ប្រទេស​លី​បង់ បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៧៨ នាក់ និង​មនុស្ស ៤.០០០ នាក់ ផ្សេងទៀត​បាន​រងរបួស​។​

​យ៉ាងណាមិញ វីដេអូ​នៃ​ឧប្បត្តិ​ហេតុនេះ ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ផ្សែង​ដ៏​ក្រាស់​ហុយ​ចេញពី​អគារ​មួយ មុនពេល​វា​ផ្ទុះ​ដ៏​ធំ​សម្បើម​ឡើង​រង្គើរ​ពេញទី​ក្រុង​នេះ​តែម្តង​។​

​យោងតាម​សារព័ត៌មាន BBC ក្រុមមន្ត្រី​បាន​សន្និដ្ឋានថា សម្ភារ​ផ្ទុះ​ដ៏​មាន​ឥទ្ធិពល​ដែល​ផ្ទុក​នៅក្នុង​ឃ្លាំង អស់​រយៈពេល ៦ ឆ្នាំ អាចជា​មូលហេតុ​នៃ​ការផ្ទុះ​នេះ​។ ចំណែក​លោក​ប្រធានាធិបតី Michel Aoun បាន​ថ្លែង​នៅក្នុង Tweet ថា វា​មិនអាច​ទទួលយក​បានទេ​ថា នីត្រាត​អា​ម៉ូ​ញ៉ូ​ម​នីត្រាត​ចំនួន ២.៧៥០ តោន ត្រូវបាន​រក្សាទុក​ដោយ​គ្មាន​សុវត្ថិភាព​បែបនេះ​។​

​ទន្ទឹមនឹងនេះ​ផងដែរ ការស៊ើបអង្កេត​កំពុងដំណើរការ​ដើម្បី​កំណត់​នូវ​អ្វីដែល​បណ្តាលឱ្យ​ផ្ទុះ​បង្ក​សោកនាដកម្ម​នេះ​។ ក្រុម​ការពារជាតិ​ជាន់ខ្ពស់​លី​បង់ បាន​និយាយថា អ្នក​ដែល​ត្រូវបាន​រកឃើញថា​ទទួលខុសត្រូវ នឹង​ប្រឈមមុខ​នឹង​ការដាក់ទណ្ឌកម្ម​ដែល​អាចធ្វើ​ទៅបាន​។​

​មន្ទីរពេទ្យ ដែល​ត្រូវបាន​គេ​និយាយថា មាន​ចំនួន​ច្រើន និង​ព្រមទាំង​អគារ​ជាច្រើន​ទៀត ត្រូវបាន​បំផ្លាញ​ទាំងស្រុង​។​

​ចាប់តាំងពី​ពេលនោះ​មក លោក​ប្រធានាធិបតី Aoun បានប្រកាស​ពី​ការ​កាន់ទុក្ខ​រយៈពេល ៣ ថ្ងៃ ហើយ​បាន​និយាយថា រដ្ឋាភិបាល​នឹង​បញ្ចេញ​ថវិកា​សង្គ្រោះបន្ទាន់​របស់​លី​បង់​ចំនួន ១០០ ពាន់​លាន​ផោន​៕