ស្រ្តីជាម្តាយម្នាក់ នៅក្នុងប្រទេសអ៊ុយក្រែន បានត្រូវប្រឈមមុខជាប់ពន្ធនាគារ បន្ទាប់ពីគាត់បានធ្វើរឿងដ៏មិនធម្មតាមួយ ដែលត្រូវបានចាត់ទុកមានតែមួយគត់ក្នុងលោក ក្នុងការជួយរំដោះកូនប្រុសរបស់ខ្លួន ដែលកំពុងជាប់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្ម។
ស្រ្តីអាយុ ៥១ ឆ្នាំ ពុំត្រូវបានបញ្ចេញឈ្មោះ បានចាប់ផ្តើមផែនការដ៏មិននឹកស្មាននេះ ដើម្បីរំដោះកូនប្រុសគាត់ តាមរយៈការជួលផ្ទះគេ ដែលមានទីតាំងស្ថិតនៅក្បែរពន្ធនាគារនៅក្នុង Zaporizhia ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។
ស្រ្តីរូបនេះបន្ទាប់មក បានព្យាយាមជីករូងចូលទៅកាន់គុក ដោយប្រើប៉ែល និងចបកាប់។ ហើយការងារនេះ គាត់ធ្វើតែនៅពេលយប់ប៉ុណ្ណោះ ដើម្បីកុំឲ្យអ្នកដទៃចាប់អារម្មណ៍។
ស្រ្តីរូបនេះបានប្រាប់ប៉ូលីសឲ្យដឹងថា គាត់តែងតែសម្ងំនៅក្នុងផ្ទះជួល ដូច្នេះអ្នករស់នៅតំបន់នោះ មិនដឹងថាគាត់មកពីណានោះទេ។ ប៉ុន្តែ នៅពេលយប់មកដល់ គាត់បានចាប់ផ្តើមទៅកាន់កន្លែងជីករូង ជាមួយរទេះរុញតូចមួយ ដើម្បីដឹកយកអាចម៌ដីចេញពីក្នុងរូង។ បន្ទាប់ពីជីករួច គាត់បានដឹកយកអាចម៌ដីទាំងនោះ ទៅចាក់ចោលនៅក្នុងយានយានបោះបង់ចោលមួយ ដែលនៅមិនឆ្ងាយពីរូង។
ទោះយ៉ាងណា បន្ទាប់ជីកបានចម្ងាយ ១០ ម៉ែត្រជាង ក្នុងជម្រៅ ៣ ម៉ែត្រ ដែលជាលទ្ធផលព្យាយាមជីកអស់រយៈជាង ៣ សប្តាហ៍ គាត់ក៏ត្រូវបានប៉ូលីសចាប់ឃាត់ខ្លួនតែម្តង បន្ទាប់ពីប៉ូលីសបានសង្ស័យទំហំអាចម៌ដីរហូតចំនួន ៣ តោន នៅក្នុងយានដ្ឋានទុកចោលនោះ។
តែយ៉ាងណា បុរសម្នាក់ឈ្មោះ Serhey Pilnyansky បានប្រាប់ស្ថានីយ៍ទូរទស្សន៍ TSN ថា៖ អ្នកស្រុកជាច្រើននៅតំបន់នេះ នៅតែមានអារម្មណ៍កោតសរសើរ ចំពោះសេចក្តីស្រឡាញ់របស់ម្តាយរូបនេះ ចំពោះកូន និងការតស៊ូរបស់គាត់៕