លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ កាលពីពេលថ្មីៗនេះ ត្រូវបានមន្រ្តីនគរបាលក្រោមឱវាទជានារីៗ បានរួមដៃគ្នាដាក់ពាក្យបណ្តឹងមកកាន់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី នៃក្រសួងមហាផ្ទៃ ពីបទបៀតបៀនកេរ្តិ៍ភេទយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យមហាជនហួសចិត្តរិះគន់យ៉ាងខ្លាំងៗតែម្តង។
ក្រោយពីរឿងនេះបានផ្ទុះកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ដោយមានការជម្រុញពីមហាជនឲ្យដកចោល នៅទីបំផុត សម្តេចក្រឡាហោម ស ខេង បានសម្រេចផ្អាកការងារលោក អ៊ុក កុសល ជាបណ្តោះអាសន្ន ហើយរង់ចាំការសម្រេចចិត្តជាថ្មី។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
ទោះយ៉ាងណា ក្រោយត្រូវបានផ្អាកពីតួនាទីជាស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លោក អ៊ុក កុសល ក៏បានចេញមកបំភ្លឺទៅដល់សាធារណៈជនបានដឹងថា រឿងពាក្យបណ្តឹងទាំងនេះគឺបានកើតឡើងមកលើរូបលោកច្រើនលើកច្រើនសាររួចមកហើយ តែលោកបានខិតខំព្យាយាម ដើម្បីធ្វើឲ្យមានភាពប្រសើរឡើង មានការសាមគ្គីភាពគ្នា រឹងមាំឡើងវិញ។ លោកក៏បានអះអាងថា បណ្តឹងទាំងលើកមុន និងលើកនេះជាបន្តបន្ទាប់ គឺជាការរៀបចំឡើងដោយបុគ្គលមួយចំនួន ព្រោះលោកមានភស្តុតាងច្បាស់ តែលោកសុំមិនបញ្ចេញទេ ដោយលើកហេតុផលថា ពាក់ព័ន្ធបញ្ហាផ្លូវច្បាប់ និងកក្តិយស ឬ ការលាក់ការសម្ងាត់របស់សាក្សី ឬ អ្នកផ្តល់ព័ត៌មាន…។
លោក អ៊ុក កុសល នៅបានបញ្ចាក់អះអាងដដែលៗថា រឿងនេះគឺជាការរៀបចំលក្ខណៈប្រព័ន្ធ ដើម្បីផ្តួលរំលំរូបលោក ឲ្យខ្ទាចឆ្ងាយពីឋានៈជាស្នងការដ្ឋានខេត្តកំពង់ធំតែម្តង៕