ភ្នំពេញ៖ ខ្មាន់កំភ្លើងបេីករថយន្តស៊េរីទំនើបមួយគ្រឿងបានដកកាំភ្លើងខ្លីបាញ់រះចំនួន៥គ្រាប់មកលើម៉ូតូកង់បីឥណ្ឌាមួយគ្រឿងដែលបើកបរដោយបុរសម្នាក់ បណ្តាលឲ្យត្រូវ១គ្រាប់ចំម៉ូតូកង់បីឥណ្ឌានោះ តែសំណាងល្អម្ចាស់ម៉ូតូកង់បីឥណ្ឌាគ្មានរបួស ឯខ្មាន់កាំភ្លើងបានបើករថយន្តគេចខ្លួនបាត់ស្រមោល មិនមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌទួលគោកឡើយ ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ២៦ខែតុលាឆ្នាំ ២០២០ នៅចំណុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវ ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាពណ៌លឿងមួយគ្រឿង និងឃើញរថយន្តស៊េរីទំនើបពណ៌សមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរចុះពីស្ពានអាកាស៧មករា ក្នុងទិសដៅពីលិចទៅកើត ដោយមិនដឹងថាមានទំនាស់គ្នារឿងអ្វីនោះទេ ពេលមកដល់ចំណុចកើតហេតុខាងលើ ខណៈនោះម៉ូតូកង់បីឥណ្ឌានៅខាងមុខ ឯរថយន្តនៅខាងក្រោយបញ្ឆិតគ្នាបន្តិច ភ្លាមនោះស្រាប់តែខ្មាន់កាំភ្លើងដែលជិះរថយន្តស៊េរីទំនើបបានបើកកញ្ចក់ដកកាំភ្លើងខ្លីបាញ់រះទៅលើអ្នកបើកម៉ូតូកង់បីឥណ្ឌាចំនួន៥គ្រាប់ បណ្ដាលឲ្យ១គ្រាប់ ត្រូវម៉ូតូកង់បីឥណ្ឌាធ្លុះផ្នែកខាងក្រោយ ។ភ្លាមៗនោះខ្មាន់កាំភ្លើងបានឈប់រថយន្តមួយភ្លែតហើយក៏បិទកញ្ចក់រថយន្តវិញបើកចេញទៅដោយសុវត្ថិភាព ។បើតាមការរៀបរាប់ពីជនរងគ្រោះជាម្ចាស់ម៉ូតូកង់បីឥណ្ឌាបានប្រាប់ថា ខ្មាន់កាំភ្លើងជិះរថយន្តម៉ាករ៉ុលរ៉យមួយគ្រឿងពណ៌ស ពាក់ស្លាកលេខកម្ពុជា មិនចាំអក្សរ ឬលេខអ្វីឡើយ ។ ក្រោយហេតុការណ៍ភ្លាមៗខ្មាន់កាំភ្លើងបានបើករថយន្តចេញពីកន្លែងកើតហេតុបាត់ស្រមោលបាត់ទៅ ។ ចំណែកភាគីខាងម៉ូតូកង់បីឥណ្ឌាក៏មិនបានធ្វើការរៀបរាប់វែងឆ្ងាយនោះដែរគឺបានបើកបន្តដំណើរទៅមុខបាត់ទៅ ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ឡើយ ។
ក្រោយកើតហេតុគេឃើញវត្តមានលោក សុខ ហេង អធិការខណ្ឌទួលគោក បានដឹកនាំកម្លាំងចុះមកពិនិត្យនិងធ្វើការសួរនាំនៅកន្លែងកើតហេតុ ដើម្បីសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងកំណត់អត្តសញ្ញាណជនបង្កយកមកផ្តន្ទាទោសតាមច្បាប់។ ប្រជាពលរដ្ឋមួយរូបសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់គេហទំព័រឌេកាថា មួយរយៈនេះក្នុងខណ្ឌទួលគោកកើតមានបទល្មើសជាច្រើនករណី ប៉ុន្តែសមត្ថកិច្ចពុំដែលមានវិធានការបង្រ្កាបបានឡើយ តួយ៉ាងដូចជានៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ មានក្មេងស្ទាវមួយក្រុមប្រដាប់ដោយដាវសាំម៉ូរៃ បានជិះដេញកាប់គ្នាប្រសេចប្រសាចនៅក្បែររង្វង់មូលទួលគោកចាស់ ៕