ភ្នំពេញ៖ ទីតាំងល្បែងស៊ីសង និងស្លុតម៉ាស៊ីនដ៏ធំមួយកំពុងបើកដំណើការយ៉ាងរំភើយនៅជាន់ក្រោមសណ្ឋាគារ រ៉ូម៉ែនប៊ូទិក ដែលស្ថិតតាមបណ្តោយផ្លូវ២២៥ កែង១២២ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទីតាំងនេះបើកឲ្យជនជាតិខ្មែរ និងជនជាតិចិនចូលលេងយ៉ាងគគ្រឹកគគ្រេង ផ្គើននិងបទបញ្ជារបស់សម្តេចតេជោសែន យ៉ាងពេញបន្ទុក ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់នៅទូទាំងប្រទេស ។
សូមរំលឹកដែរថា កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោសែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលទូទាំង២៥ រាជធានី ខេត្ត បង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស ។ ល្បែងស៊ីសង គឺជាជំងឺមហារីកមួយ ដែលធ្វើឲ្យកើតមាននូវបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ បង្ករភាពអសន្តិសុខយ៉ាងខ្លាំង ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ផ្សារដេប៉ូទី៣ បានលើកឡើងថា ទីតាំងល្បែងស៊ីសងជាប្រភេទស្លុតម៉ាស៊ីន និងហ្គេមបាញ់ត្រីនេះកំពុងតែបង្ករអសន្តិសុខយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងសង្កាត់ ក៏ចូជា ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញផងដែរ ។ ប៉ុន្តែប្រជាពលរដ្ឋមានការងឿងឆ្ងល់យ៉ាងខ្លាំងថា ទីតាំងល្បែងដ៏ធំកំពុងបើកលេងយ៉ាងរំភើយផ្គើន នឹងអនុសាសន៍របស់សម្តេចតេជោសែន និងគោលការណ៍ភូមិ-ឃុំសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃយ៉ាងហ្នឹងហើយ ហេតុអ្វីលោក ជា ពិសិ អភីបាលខណ្ឌទួលគោក និងលោក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក ដែលទើបនឹងផ្លាស់ពីអធិការនគរបាលខណ្ឌបឹងកេងកង មិនមានចំណាត់ការអ្វីសោះអញ្ចឹង ។ សង្ស័យថា លោកទាំងពីរកំពុងតែត្រូវថ្នាំសណ្តំរបស់ថៅកែល្បែងស៊ីសងដែលជាជនជាតិចិននោះទេដឹង ?
ការបើកល្បែងស៊ីសងជ្រកក្រោមផ្លាកសណ្ឋាគារ គឺជាការប្រឆាំងនឹងគោលការណ៍ច្បាប់យ៉ាងធ្ងន់ធ្ងរ ព្រោះការបើកល្បែងដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវពីគណកម្មការល្បែងពាណិជ្ជកម្ម ព្រមទាំងបាត់បង់ចំណូលពន្ធជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ៕