ក្រោយពីបាត់ប្លង់ដីប្រជាពលរដ្ឋថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ខេត្តប៉ៃលិន នាំគ្នាទៅស្បថមុខរូបសំណាកលោកយាយយ៉ាត

(ប៉ៃលិន) ៖ ក្រោយពីមានភាពចម្រូងចម្រាស់ រវាងថ្នាក់ដឹកនាំ និង មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ខេត្តប៉ៃលិនពាក់ព័ន្ធនឹងអំពើពុករលួយមួយចំនួន នៅក្នុងមន្ទីរមួយនេះ ដែលពេលខ្លះ ធ្វើឱ្យប្រជាពលរដ្ឋ ដែលពឹងពាក់រត់ការធ្វើប្លង់ដី មានការខឹងសម្បារយ៉ាងខ្លាំង ព្រោះពួកគាត់បានប្រគល់ថវិកា និងឯកសារទៅឱ្យមន្ត្រីទាំងនោះរួចរាល់អស់ហើយ ។ តែរង់ចាំអស់រយៈពេលជាយូរ ជួនកាលចាប់ពី៦ខែ ដល់រាប់ឆ្នាំក៏មានដែរ ហើយពេលខ្លះ មន្ត្រីទាំងនោះធ្វេសប្រហែស ដោយយកទៅទុកចោល បណ្តាលឱ្យបាត់ឯកសារទាំងនោះក៏មានដែរ លុះពេលសួរនាំបែរជាឆ្លើយដាក់គ្នា ទើបខាងប្រធានមន្ទីរសុរៀបដែនដី នគរូបនីយ៍កម្ម និងសំណង់ នាំទៅស្បថនៅមុខរូបសំណាកលោកយាយយ៉ាតតែម្តង ។

ជាក់ស្តែងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ប្រធានមន្ទីរសុរិយោដីខេត្ត ដឹកនាំមន្ត្រី ទៅស្បថសច្ចាចំពោះមុខរូបសំណាកលោកយាយយ៉ាត ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ពាក់ព័ន្ធនឹងការបាត់ប្លង់ដី របស់ប្រជាពលរដ្ឋជិត២០ប្លង់ ។

បើតាមរបាយការណ៍ ដែលមន្ត្រីសុរិយោដីស្បថសច្ចា បានឱ្យដឹងថា “យើងខ្ញុំជាថ្នាក់ដឹកនាំ នៃមន្ទីរ ប្រធាន អនុប្រធានការិយាល័យ មន្ត្រីក្របខណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្តទាំងអស់ ក្នុងមន្ទីររៀបចំដែនដីនគររូបនីយកម្ម  និងសំណង់ខេត្តប៉ៃលិន សូមធ្វើការសម្បថសច្ចាចំពោះមុខរូបសំណាកលោកយាយយ៉ាត ដែលមានបារមីពូកែស័ក្តិសិទ្ធ អារក្សអ្នកតា និងបារមីដ៏ស័ក្តិសិទ្ធទាំងអស់ ។

ខ្ញុំសូមឆ្លើយតែការពិតដែលខ្ញុំបានឃើញ បានឮ បានដឹកនាំផ្ទាល់ បានរួមគំនិត បើខ្ញុំធ្វើមិនពិត ដោយប្រការណាមួយ សូមឱ្យលោកយាយយ៉ាត អារក្សអ្នកតានិងបារមីស័ក្តិសិទ្ធ ទាំងអស់ យករូបខ្ញុំ ឲ្យវិនាសអន្តរាយ ទ្រព្យសម្បត្តិ បើដើរតាមផ្លូវគោកឲ្យជួបគ្រោះថ្នាក់ចរាចរណ៍ បើដើរតាមផ្លូវទឹកឱ្យជួបព្យុះលិចលង់ស្លាប់តៃហោងយ៉ាងវេទនាបំផុត ។

តែបើរូបខ្ញុំពិតត្រង់សូមទេវតា លោកយាយយ៉ាតអារក្ស អ្នកតា និងបារមីដ៏ស័ក្កិសិទ្ធទាំងអស់ជួយឲ្យខ្ញុំមានទ្រព្យសម្បត្តិសម្បូរហូរហៀរនិងរស់នៅប្រកបដោយសេចក្តីសុខសុខសាន្ត ជួបជុំបងប្អូន ញាតិផៅសន្តានជារៀងរហូតកុំបីអាក់ខានឡើយ។”
បើតាមប្រភពព័ត៍មានពីលោក សូ សុខុន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ខេត្តប៉ៃលិន បានឱ្យដឹងថា ដោយសារតែមានការបាត់ប្លង់ប្រជាពលរដ្ឋជាង១០ប្លង់ ទើបខាងលោកដឹកនាំមន្ត្រីក្រោមឱវាទទៅស្បថសច្ចាតែម្តង ។ លោកបន្តទៀតថា ចំពោះការបាត់ប្លង់ដីប្រជាពលរដ្ឋនេះ ទុកឱ្យថ្នាក់លើជាអ្នកដោះស្រាយ ធ្វើសងជូនពួកគាត់វិញ ៕