នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាពិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានលោកស្រី ភឿង សកុណា ជាប្រធាន បានកោះហៅម្ចាស់បទ «កណ្តៀវអូនស្រួយ» កញ្ញា បរ៉ាម៉ី មកធ្វើការព្រមាន បន្ទាប់រងការរិះគន់យ៉ាងធ្ងន់ៗពីមហាជន ដោយសារតែបទនេះសរសេរឡើង មានចេតនាបង្កប់ខ្លឹមសារអាសអាភាស សឹងតែពេញមួយសាច់បទទាំងស្រុង។
ទាក់ទងនឹងព័ត៌មានដែលកំពុងផ្ទុះនេះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានផ្សព្វផ្សាយភាពយន្ត និងទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ឲ្យដឹងថា នៅព្រឹកមិញនេះ ម្ចាស់ទចម្រៀងរងការរិះគន់ខាងលើ បានចូលខ្លួនទៅដោះស្រាយបញ្ហា នៅឯក្រសួងហើយ ប៉ុន្តែ មិនទាន់ចេញលទ្ធផលជាផ្លូវការនៅឡើយទេ។
លោក ប៉ុក បូរក្ស ក៏បានបញ្ជាក់ឲ្យដឹងថា គោលការណ៍ធំៗចំនួន ៥ ចំណុច ដែលក្រុមប្រឹក្សាពិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌ មានវិធានការដោះស្រាយគឺ៖
ទី១- អប់រំ និងណែនាំ
ទី២- ធ្វើលិខិតព្រមានជាលាយល័ក្ខអក្សរ
ទី៣- លុបឈ្មោះជាសិល្បករ និងបញ្ឈប់ ឬផ្អាកសកម្មភាពសិល្បៈ ក្នុងរយៈពេលកំណត់ណាមួយ
ទី៤ និងទី៥ ចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើស្នាដៃរបស់សិល្បករប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម និងវប្បធម៌។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាបទចម្រៀងដ៏ក្តៅលើកទី១ ដែលផលិតកម្ម «ដំរី» នេះចេញនោះទ គឺគេបានរកឃើញមានមួយបទទៀតរបស់ផលិតកម្មនេះ ក៏ស៊ីអារម្មណ៍ខ្លាំងដូចនេះផងដែរ គឺបទ៖ «ស្រណោះអង្រែ» ដែលសុទ្ធសឹងធ្វើឲ្យប៉ះពាល់តម្លៃសេចក្តីថ្លៃទាំងអស់៕