នៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាពិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកោះហៅអ្នកចម្រៀង និងជាអ្នកសម្តែងកញ្ញា បរ៉ាម៉ី និងអ្នកនិពន្ធ ឈ្មោះ អ៊ិច ចន្ថា ដែលបាននិពន្ធបទ «កណ្តៀវអូនស្រួយ» និងបទ «ស្រណោះអង្រែ» ដើម្បីទទួលបានការណែនាំពីមន្ត្រីក្រសួងវប្បធម៌ បន្ទាប់ពីបទចម្រៀងនេះទទួលរងការរិះគន់យ៉ាងធ្ងន់ៗថា ពោរពេញដោយអត្ថន័យប៉ះពាល់ដល់សីលធម៌សង្គម។
ទោះយ៉ាងណា ក្រោយដឹកនាំការប្រជុំដោះស្រាយបញ្ហានេះ អស់រយៈពេលប៉ុន្មានម៉ោងកាលពីព្រឹកមិញនេះ លោក ចំរើន វ៉ាន់ថា ទីប្រឹក្សាអមក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់សារព័ត៌មានថា «ម្ចាស់បទ និងអ្នកនិពន្ធ បានទទួលស្គាល់រាល់កំហុសឆ្គងរបស់ខ្លួន តាមរយៈការធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរថា នឹងមិនធ្វើអ្វីដែលប្រាសចាកពីក្រមសីលធម៌តទៅទៀតទេ ហើយនឹងប្រែក្លាយរាល់ចំណេះដឹងរបស់ខ្លួន ឲ្យទៅជាលក្ខណៈល្អប្រសើរ លើកស្ទួយដល់សង្គមជាតិ» ។
លោក ចំរើន វ៉ាន់ថា ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា តាមពិតទៅ អ្នកនិពន្ធបទនេះ មិនបានគិតស៊ីជម្រៅអំពីផលប៉ះពាល់នោះតេ ដោយគ្រាន់តែចង់ផលិតបទចម្រៀងនេះទាក់ទាញផលប្រយោជន៍ពី Youtube ប៉ុណ្ណោះ កាលពីអំឡុងពេលនៃការផ្ទុះកូវីដ១៩។ ប៉ុន្តែ ក្រោយពីទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ម្ចាស់បទនេះក៏បានលុបវីដេអូនេះចេញវិញតាំងពីម្សិលមិញ នៅលើឆាណែល Youtube ឈ្មោះ Domrey រួចហើយ។
ក្នុងកិច្ចសន្យា អ្នកនិពន្ធបទខាងលើនេះ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទឈ្មោះ អ៉ិច ចន្ថា កើតថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៨១ ជាអ្នកនិពន្ធបទចម្រៀង ដែលមាន ចំណងជើងថា ( កណ្តៀវអូនស្រួយ ) និងបទ ( ស្រណោះអង្រែ) ជាបទចម្រៀង ដែលប្រើពាក្យពេចន៍ អសុរស ធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គម ដែលធ្វើឲ្យមហាជនមានការមិនពេញចិត្ត និងបណ្ដាលឲ្យប៉ះ ពាល់ដល់តម្លៃសីលធម៌សង្គម។
ខ្ញុំបាទ អ៉ិច ចន្តា សូមធ្វើការសុំទោសជាសាធារណៈ ដល់មហាជន និងសូមសន្យាថា មិនតែងនិពន្ធបទចម្រៀងដែលបង្កឲ្យមានការប៉ះពាល់ ដល់វប្បធម៌សង្គមជាតិតទៅទៀតទេ។ ខ្ញុំនឹងធ្វើការចុះបញ្ជីផលិតកម្មឲ្យបានត្រឹមត្រូវ តាមច្បាប់ និងយកទេពកោសល្យដែលខ្ញុំមាន មក ប្រើប្រាស់ក្នុងផ្លូវវិជ្ជមាន ដើម្បីជួយលើកស្ទួយតម្លៃសិល្បៈវប្បធម៌ជាតិ» ៕