គណនីហ្វេសប៊ុកមួយឈ្មោះ Ry Sotharith បានចែករំលែកនូវរឿងផ្ទាល់ខ្លួនដ៏មិននឹកស្មាន និងគួរឲ្យសរសើរបំផុតមួយ បន្ទាប់ពីគាត់បានជួបបុរសជាអ្នកលក់ដូរដំឡូង និងសណ្តែកដីតាមរទេះ នៅតាមដងផ្លូវក្នុងខេត្តសៀមរាប តែគាត់ជាមនុស្សមានសេចក្តីទៀងត្រង់ មិនមែនចិត្តកឹកកេងចង់បានរបស់ទ្រព្យអ្នកដទៃ ដែលមិនមែនជាកម្លាំងរបស់ញើសឈាមខ្លួនឯងរកបាននោះទេ។
គណនីខាងលើបានរៀបរាប់ ជាមួយសំណេរកោតសរសើរដល់បុរសនោះយ៉ាងដូច្នេះថា៖ «បេះដូងអ្នកសៀមរាប រឿងលុយ ៥០០រៀល៖ ខ្ញុំទិញដំឡូង និងសណ្តែកដីគាត់ ហើយគាត់អាប់លុយខ្វះអោយខ្ញុំ៥០០រៀល ខ្ញុំមិនដឹងក៏ដើរចេញមកជិតកន្លះគីឡូ តែមិននឹកស្មានថាគាត់រត់តាមខ្ញុំជាមួយរទេះគាត់ជាងកន្លះគីឡូគ្រាន់តែយកលុយអាប់ដែលខ្វះ៥០០រៀលអោយខ្ញុំវិញ។ តើមានប៉ុន្មានអ្នកនៅមានបេះដូងបែបនេះ? ភាពស្មោះត្រង់ របស់ប្អូននឹងនៅជាមួយខ្ញុំរហូត» ។
ក្រោយពីបានឃើញបែបនេះ មានបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានសម្តែងនូវការកោតសរសើរចំពោះទឹកចិត្តដ៏ប្រពៃរបស់បុរសជាអ្នកលក់ដូរខាងលើជាខ្លាំង ព្រោះថា បើទោះជាគាត់មានជីវភាពខ្វះខាត ប្រកបមុខរបររកស៊ីបានចំណេញពីការលក់ដូរបន្តិចបន្តួចក៏ពិតមែន តែគាត់មានបេះដូងស្មោះត្រង់ និងមានសេចក្តីថ្លៃថ្នូរ ដែលអ្នកដទៃគួរមើលពីគំរូមួយនេះផង៕