ឃាត់ខ្លួនបុរស២នាក់ ក្នុងករណីធ្វើ​សកម្មភាព​​ទាក់​សត្វ​ននាល​ខ្យង បាន​ចំនួន​៥​ក្បាល និង​រួម​ទាំង​ឧបករណ៍​ទាក់​ជា​ភស្តុតាង

ក្រោយពីប្រជាពលរដ្ឋបានរាយការណ៍ សមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់ឆ្នាំង ដឹកនាំដោយលោក ឯក ណារ៉ា សហការជាមួយប្រជាការពារ និងកម្លាំងនគរបាលប៉ុស្តិ៍ បានចុះស្ទាក់ចាប់បានបុរស២នាក់ ដែលកំពុងតែធ្វើសកម្មភាពទាក់សត្វននាលខ្យង នៅចំណុចវាលទួលអំពិល ក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០។

បុរសទាំងពីរដែលជាអ្នករស់នៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ពួកគេបានកំពុងយកសត្វព្រៃចាប់បានទាំងនេះ ទៅលក់នៅឯឃុំទឹកហូត ដោយ១ក្បាលមានតម្លៃ២ម៉ឺនរៀល។

ទោះយ៉ាងណា ក្រោយធ្វើការឃាត់ខ្លួន បុរសទាំងពីរត្រូវបានសមត្ថកិច្ច គ្រាន់តែធ្វើការអប់រំ​និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទាក់សត្វដ៏កម្រទាំងនេះទៀត ។ ចំណែកសត្វននាលចំនួន ៥ ក្បាល ត្រូវបានប្រគល់ឲ្យជំនាញខាងជលផល ដើម្បីព្រលែងចូលទៅក្នុងព្រៃធម្មជាតិរបស់ពួកវាវិញ៕