ក្រសួងមហាផ្ទៃ បង្កើត​ក្រុមការងារ​តាម​ដាន​សំណូម​ពរ​របស់​មហាជន ក្នុង Facebook Page របស់​សម្តេច​ក្រឡាហោម ស ខេង

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតឲ្យមានក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពរ (comment) របស់មហាជននៅក្នុងទំព័រហ្វេសប៊ុក (Facebook Page) របស់សម្តេចផ្ទាល់

ក្នុងសេចក្តីសម្រេចចុះនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នោះមន្រ្តីតាមឋានៈផ្សេងៗគ្នា ដែលនឹងត្រូវទទួលកិច្ចការងារសម្របសម្រួលនេះ គឺមានចំនួន ១១ នាក់។ ក្នុងនោះ ក្រុមការងារនេះមានភារកិច្ចដែលត្រូវបានដាក់ជូនដូចខាងក្រោម៖

១- ដកស្រង់ មិត យោបល់ ឬ សំណូមពរ (Comment) របស់មហាជន ក្នុងគេទំព័រហ្វេសប៊ុក (Facebook Page) របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីគោរពជូនសម្តេចក្រឡាហោម ជ្រាប ឬ ពិនិត្យ និងស្នើសុំមតិដឹកនាំដ៏ខ្ពង់ខ្ពស់។

២- ចាត់បញ្ជូនឯកសារតាមចំណារដ៏ខ្ពង់ខ្ពង់របស់សម្តេចក្រឡាហោម ទៅបណ្តាអគ្គ.នានា ឬ អង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងដោះស្រាយតាមសមត្ថកិច្ច ។

៣- តាមដាន ឬ ជំរុញការដោះស្រាយ និងទទួលរបាយការណ៍លទ្ធផលពីបណ្តាអគ្គ.នានា ឬ អង្គភាពាក់ព័ន្ធត្រឡប់មកវិញ ដើម្បីគោរពជូនសម្តេចក្រឡាហោម ជ្រាប ឬ ពិនិត្យ និងស្នើសុំមតិដឹកនាំដ៏ខ្ពង់ខ្ពស់។

៤- ក្នុងករណីចាំបាច់ ក្រុមការងារអាចសហការជាមួយបណ្តាអគ្គ.នានា ឬ អង្គភាពពាក់ព័ន្ធ ដើម្បីចុះពិនិត្យ និងដោះស្រាយលើករណីនោះ រួចរាយការណ៍ពីលទ្ធផលគោរពជូនសម្តេចក្រឡាហោម ជ្រាប ឬ ពិនិត្យ និងស្នើសុំមតិដឹកនាំដ៏ខ្ពង់ខ្ពស់។

៥- ធ្វើរបាយការណ៍បូកសរុប០១ថ្ងៃម្តងៗ អំពីលទ្ធផលនៃការដោះស្រាយ ឬ មិនទាន់ដោះស្រាយពីបណ្តាអគ្គ.នានា និងអង្គភាពពាក់ព័ន្ធ ដើម្បីគោរពជូនសម្តេចក្រឡាហោម ជ្រាប ឬ ពិនិត្យ និងស្នើសុំមតិដឹកនាំដ៏ខ្ពង់ខ្ពស់។

៦- បំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ភារកិច្ចរបស់សម្តេចក្រឡាហោម។

តាមរយៈកិច្ចការដាក់ជូនខាងលើនេះ នោះសម៉ីខ្លួនដែលមានឈ្មោះដូចក្នុងបញ្ជី ត្រូវទទួលបន្ទុកអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕