ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបកស្រាយបំភ្លឺ លើករណីបុរសម្នាក់ឈ្មោះ ពុធ មនោរម្យ ដែលមិនបានស្តាប់ការណែនាំរបស់ប៉ូលិសចរាចរណ៍នៅម្តុំការដ្ឋានកំពុងសាងសង់ផ្លូវនៅរង្វង់មូលចោមចៅ និងបានបើករថយន្តក្នុងល្បឿនលឿនដែលបង្កឲ្យមន្ត្រីចរាចរណ៍ម្នាក់ដួល ជាពិសេសក្រោយធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យ បានបង្ហាញឲ្យឃើញថា ជនបង្កនេះ បានប្រើប្រាស់ស្កាកលេខមិនត្រឹមត្រូវ ដោយយកស្លាកលេខរថយន្តផ្សេងមកបំពាក់ ។
ជនបង្កនេះត្រូវបានចោទប្រកាន់លើចំណុច៣ផ្សេងគ្នា ទី១គឺ ការរារាំងសមត្ថកិច្ច ពេលកំពុងតែអនុវត្តការងារ និងទី២ គឺការប្រើប្រាស់ស្កាកលេខក្លែងក្លាយ (យកស្លាកលេខរថយន្តផ្សេងមកបំពាក់ ) ទី៣ បើករត់គេចពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេស ពីការទទួលខុសត្រូវ ។
នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២:០០ រសៀល ជនបង្ក ត្រូវបានសមត្ថកិច្ច នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕