ហួសចិត្តណាស់! ភាពលោភលន់ ព្រោះតែង​ចង់​រក្សា​កម្មសិទ្ធិ​រៀងៗ​ខ្លួន ធ្វើ​ឲ្យ​ផ្លូវ​ចេញ​ចូល​ក្នុង​ភូមិ សូម្បី​តែ​ជិះ​ម៉ូតូ​ក៏​ជៀស​គ្នាសឹងមិនរួច

ទិដ្ឋភាពផ្លូវចេញចូលដ៏ចង្អៀតក្នុងភូមិមួយ ដែលធ្វើឲ្យអ្នកភូមិជិះកង់ម៉ូតូជៀសគ្នាសឹងតែពុំរួច បានកំពុងទទួលការចាប់អារម្មណ៍ ជាមួយការរិះគន់យ៉ាងខ្លាំង ព្រោះតែទង្វើលោភលន់បំពានចំណីផ្លូវ ដើម្បីកម្មសិទ្ធិរៀងៗខ្លួន រវាងផ្ទះមួយទៅផ្ទះមួយនៅសងខាងផ្លូវ ដែលគ្មានចិត្តទូលាយ និងមានការសាមគ្គីគ្នាសោះឡើយ។

ករណីដ៏ហួសចិត្តបំផុតនេះ ត្រូវបានដឹងថា បានកើតឡើងនៅត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ហើយក៏ធ្លាប់ត្រូវបានអាជ្ញាធរភូមិធ្វើការដោះស្រាយរួចហើយ ប៉ុន្តែ ម្ចាស់ផ្ទះទាំងនោះពុំធ្វើតាម ដោយនៅតែធ្វើបងបំពានផ្លូវដដែល។

នេះបើយោងតាមទំព័រហ្វេសប៊ុក សាន់ដេ បានបង្ហោះឲ្យដឹងថា៖ «ភាពលោភលន់របស់មនុស្សមួយក្តាប់តូចក្នុងភូមិ មិនចេះស្កប់ស្កល់ ដោយបំពានយកចំណីផ្លូវធ្វើជាកម្មសិទ្ធផ្ទាល់ ខ្លួនដោយងងើរ សូម្បីតែជិះម៉ូតូក៌ជៀសគ្នាមិនរួចផងកន្លងមកអាជ្ញាធរភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ បានដោះស្រាយហើយផងដែរ តែពួកគេនៅតែបំពានដ៌ដែរ?។» ។

ជុំវិញបញ្ហានេះផងដែរ គេក៏បានលើកឡើងថា ចុះប្រសិនមានបញ្ហាអាសន្នណាមួយកើតឡើង ឬ ក៏មានអ្នកជំងឺត្រូវសង្គ្រោះបន្ទាន់ តើនឹងលំបាកយ៉ាងណាទៅ បើផ្លូវរកតែជៀសគ្នាមិនរួចបែបនេះ?៕