កាលពីពេលថ្មីៗនេះប្ដីប្រពន្ធវ័យក្មេងមួយគូជនជាតិវៀតណាម បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលបន្ទាប់ពីពួកគេបានលេចមុខនៅលើទំព័រសារព័ត៌មានក្នុងស្រុកជាច្រើនចុះផ្សាយព្រោងព្រាត ដោយបង្ហាញថា ពួកគេកំពុងក្លាយជាឪពុកម្ដាយគេទាំងនៅក្មេងខ្ចីបំផុត បន្ទាប់ពីរៀបការកាលពីឆ្នាំ ២០១៧ ។
យោងតាមសារព័ត៌មាន baomoi បានចុះផ្សាយឲ្យដឹងថា ប្តីប្រពន្ធវ័យក្មេងនេះ ដែលប្តីមានឈ្មោះ Dang Ton Chuong ឆ្នាំនេះមានអាយុ ១៤ ឆ្នាំ ។ ចំណែកប្រពន្ធរបស់គេឈ្មោះ Dang Mui Kieu អាយុ ១៩ ឆ្នាំ។ ពួកគេបានរៀបការនៅក្នុងឆ្នាំ២០១៧ ដែលនៅពេលនោះ Chuong អាយុទើបតែ១១ឆ្នាំ រីឯ Kieu អាយុ ១៦ ឆ្នាំ។
នាង Kieu បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា កាលនៅរៀនសាលាជាមួយគ្នា គឺនាងរៀនថ្នាក់ទី៥ ខណៈប្តីរបស់នាងរៀនថ្នាក់ទី៣។ ពួកនាងតែងជួបគ្នាជាធម្មតា ហើយប្តីរបស់នាងហៅនាងថាបងស្រីៗ ប៉ុន្តែ មិនដែលចែករំលែកនំចំណីឲ្យគ្នាម្តងណានោះទេ ហើយក៏មិនធ្លាប់ចាប់អារម្មណ៍លើរឿងស្នេហាអីនោះដែរ។
ងាកមករឿងឈានដល់ត្រូវបានចាស់ទំផ្សំផ្គុំរៀបការនឹងគ្នាវិញ នាង Mui Kieu បានប្រាប់ឲ្យដឹងថា នៅពេលនោះ ម្តាយរបស់នាងបានធ្លាក់ខ្លួនឈឺ ហើយបងស្រី៤នាក់របស់នាង ក៏ចាស់ៗអស់ដែរហើយ ដូច្នេះ នៅពេលគ្រួសារសួរនាំឲ្យយកប្តី នាងក៏ទទួលយកតែម្តងទៅ។
នាងក៏បានប្រាប់ការពិតត្រង់ៗទាំងអៀនខ្មាសថា រៀបការបានពេញមួយឆ្នាំដំបូង នាង និងប្ដីមិនដែលដេកគ្រែជាមួយគ្នាឡើយ ពោលគឺនាងដេកផ្សេង ប្តីដេកផ្សេង។ ប៉ុន្តែ បន្ទាប់មក ម្តាយបានហៅប្តីរបស់នាង Ton Chuong មកពន្យល់ថា ពេលនេះ រូបគេមានប្រពន្ធហើយ ដូច្នេះត្រូវតែចូលដេកជាមួយគ្នា។ បន្ទាប់បានដេកនៅជាមួយគ្នាបានកន្លះឆ្នាំ Kieu ក៏បានមានផ្ទៃពោះ និងសម្រាលបានកូនស្រីម្នាក់នៅក្នុងឆ្នាំ២០១៩។ កូនស្រីរបស់ពួកគេដាក់ឈ្មោះថា Dang Mui Khe ។
ទោះយ៉ាងណា ដោយសារតែកំរិតវប្បធម៌នៅទាប បច្ចុប្បន្ននេះ Chuong នៅតែទៅសាលារៀនធម្មតា ដើម្បីក្រេបយកចំណេះវិជ្ជាបន្ត ដោយក្រោកឡើងពីព្រឹកម៉ោង ៥ ទៅច្រូតស្មៅគោ ខណៈប្រពន្ធរបស់គេឡើងដាំបាយ និងធ្វើការងារផ្សេង។
និយាយពី Chuong វិញ ត្បិតតែមានវ័យក្មេងខ្ចីក៏ពិតមែន តែគេជាមនុស្សឧស្សាហ៍ព្យាយាមជាមួយការងារធ្ងន់ស្រាល ពុំដែលរអ៊ូរទាំឡើយ ហើយអ្នកភូមិជិតខាង តែងតែអាណិតស្រឡាញ់ដល់រូបគេគ្រប់ៗគ្នាផងដែរ៕