ទុកកាតាបចោល រួចដើរលេងជាមួយមិត្តភក្តិ ត្រូវលោកស្វាឆែកឆេរលួចយកខ្សែកទៅបាត់ ប្រយ័ត្នជួបរឿងដូចនាង សំណាងហើយចេះរកឃើញ!

នារីទេសចរណ៍ថៃម្នាក់ ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែពុំនឹកស្មានថាសត្វស្វាបានលួចយកខ្សែកមាសរបស់នាង បន្ទាប់ពីនាងបានទុកវានៅក្នុងកាតាបស្ពាយក្រោមដើមឈើ រួចដើរលេងជាមួយមិត្តភក្តិ នៅក្នុងតំបន់ទេសចរណ៍ Khao Sammuk ស្ថិតនៅក្នុងខេត្ត ឈុនបូរី កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។

កាសែតជាភាសាថៃ baansuann បានរាយការណ៍ថា នារីម្នាក់ឈ្មោះ Erin Niamtang អាយុ ២៣ ឆ្នាំ បានអស់សង្ឃឹមយ៉ាងខ្លាំង ដោយសារតែខ្សែករបស់នាងបានបាត់ បន្ទាប់ពីបានដឹងថា គ្មានអ្នកណាក្រៅពីសត្វស្វាដែលបានរើកកាយកាតាបរបស់នាងខ្ទេចខ្ទីរ។ តែទោះយ៉ាងណា ក្រុមអ្នកស្ម័គ្រចិត្ត បានធ្វើការឆែកឆេរពេញក្នុងតំបន់ និងទីបំផុតរកឃើញខ្សែកមួយខ្សែនៅខាងក្រោមដើមឈើ១ដើម។

នាង Erin បាននិយាយថា៖ «ខ្ញុំបានដាក់កាតាបស្ពាយរបស់ខ្ញុំ នៅលើតុក្រោមដើមឈើ ហើយបានដើរលេងជាមួយមិត្តភក្តិរបស់ខ្ញុំ។ តែខ្ញុំមិននឹកស្មានថា សត្វស្វានឹងឆែកឆេរកាតាបខ្្ុំ ហើយយកខ្សែកមាសរបស់ខ្ញុំទេ»។

ក្រោយហេតុការណ៍នេះបានកើតឡើង មន្រ្តីទេសចរណ៍ Khao Sammuk បានចេញការព្រមានដល់ភ្ញៀវទេសចរអំពីសត្វស្វា៕