(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការដុតបំផ្លាញគ្រឿងញៀនជិត៥០០គីឡូក្រាមក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន និងថ្នាក់ដឹកនាំមកពីបណ្តារាជធានី-ខេត្តមួយចំនួន ក្នុងការប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែបានធ្វើឡើងនៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបូកសរុបរបាយការណ៍ នៃការបង្រ្កាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេស រហូតដល់ឈានប្រមូលវត្ថុតាងគ្រឿងញៀនទាំងនេះ មកដុតបំផ្លាញចោល ព្រមទាំងបន្តជម្រុញដល់សមត្ថកិច្ចជំនាញទូទាំង ២៥ រាជធានី-ខេត្ត បន្តផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀនដល់ស្រទាប់យុវជនឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ហើយក៏ជម្រុញការបង្រ្កាបនូវការជួញដូរ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ។
ជារៀងរាល់ឆ្នាំ ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគឿងញៀន តែងតែរៀបចំការដុតបំផ្លាញចោលនូវគ្រឿងញៀន ដែលរឹបអូសបានពីឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ៕