ក្រុមក្មេងស្ទាវ៣នាក់ដែលជិះគេចគោលដៅត្រួតពិនិត្យរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ត្រូវបានកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យបង្រ្កាបបាន (វីដេអូ)

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការដេញបង្ក្រាបក្រុមក្មេងស្ទាវ ដែលព្យាយាមជិះម៉ូតូរត់ប្រដាប់ដោយដាវក្នុងដៃ(ដាវសាំម៉ូរ៉ៃ) គេចពីការត្រួតពិនិត្យរឹតបន្តឹងអនុវត្តច្បាប់ចរាចណ៍ ហើយធ្វើការឃាត់ខ្លួនបាន២នាក់ ក្នុងចំណោមបក្សពួក៣នាក់ ។
យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២១ម៉០០នាទី សមត្ថកិច្ចចម្រុះបាន ដាក់គោលដៅត្រួតពិនិត្យ និងរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ផ្លូវជាតិ លេខ២ លុះមួយសន្ទុះក្រោយមក ស្រាប់តែមានយុវជន៣នាក់ជិះម៉ូតូមួយម៉ាកឌ្រីមសង់មួយគ្រឿង មកដល់គោលដៅសមត្ថកិច្ចត្រួតពិនិត្យ ក៏បានជិះគេចពីគោលដៅ។ ភ្លាមៗនោះ ដោយមានការសង្ស័យ សមត្ថកិច្ចអន្តរាគមន៍ពិសេសខណ្ឌមានជ័យក៏បានធ្វើការប្រដេញតាមពីក្រោយ ហើយក៏ត្រូវក្រុមយុវជនទាំងនោះ ដកដាវសាម៉ូរៃ៉បម្រុងកាប់ទៅលើសមត្ថកិច្ចវិញថែមទៀត ។


លុះប្រដេញតាមដល់ម្ដុំព្រែកឯង ខណ្ឌច្បារអំពៅ ដោយភ័យស្លន់ស្លោពេកក្រុម យុវជននោះក៏បានជិះទៅបុកតូបលក់បង្អែម នៅតាមផ្លូវ ហើយត្រូវប្រជាពលរដ្ឋជួយចាប់បាន និងស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង រួចប្រគល់អោយសមត្ថកិច្ចចាប់បាន២នាក់ ចំណែកឯយុវជនម្នាក់ដែលកាន់ដាវ បានរត់ចូលព្រៃគេចខ្លួន បាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំយុវជន២នាក់ ដែលជាអ្នកបើកម៉ូតូ និងអ្នករួមដំណើរទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីសាកសួរ និងបានបញ្ជូនទៅមន្ទីពេទ្យ ដោយជនសង្ស័យម្នាក់ ក្នុងចំណោមពីរនាក់ត្រូវរងរបួសធ្ងន់ ៕