ព្យុះភ្លៀងទឹកជំនន់គំរាមកំហែងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់តំបន់ភាគខាងត្បូងប្រទេសចិន

ព័ត៌មានអន្តរជាតិ៖ ព្យុះភ្លៀងយ៉ាងខ្លាំងបានបង្កទៅជាទឹកជំនន់បានបង្កការបំផ្លិចបំផ្លាញពាសពេញភាគខាងត្បូងប្រទេសចិន អគារជាច្រើនបានបាក់រលំ ស្ពានចាប់ផ្តើមបង្ហាញស្នាមប្រេះ ហើយផ្លូវថ្នល់ត្រូវបានកម្ទេច ប្រើប្រាស់ពុំបាន។

ទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរបានវាយប្រហារខេត្តចំនួន ២៦ ដែលភាគច្រើនស្ថិតនៅភាគខាងត្បូងប្រទេសចិន ចាប់តាំងពីដើមខែមិថុនាមក។ ជីវិតមនុស្សជាច្រើនត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះមហន្តរាយនេះ ដោយផ្ទះជាង ៥.២០០ខ្នង ត្រូវបានបំផ្លាញ ជាង ១៣៨.០០០ខ្នង រងការខូចខាត។

ផលប៉ះពាល់ខ្លាំងគឺកើតឡើងចំពោះចំនួនមនុស្ស។ មនុស្សប្រមាណ ៤៩៥.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ ហើយយ៉ាងហោចណាស់មានមនុស្ស ៣៩នាក់ បានស្លាប់ ឬបាត់ខ្លួន។ មនុស្សចំនួន ៨.៥ លាននាក់បានរងផលប៉ះពាល់។

អាជ្ញាធរបានលះបង់អស់ពីសមត្ថភាពដើម្បីប្រមូលការខិតខំប្រឹងប្រែងជួយសង្គ្រោះយ៉ាងខ្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងទឹកជំនន់។

នៅខេត្តអានហួយភាគខាងកើតប្រទេសចិន អាជ្ញាធរមូលដ្ឋានបានកំណត់ប្រាក់ជិតមួយលានយ័នសម្រាប់ការងារត្រួតពិនិត្យ និងជួយសង្គ្រោះទឹកជំនន់ និងបានទិញទំនិញផ្តល់ជូនប្រចាំថ្ងៃសម្រាប់អ្នកដែលរងគ្រោះ។

 

ព្យុះភ្លៀងដ៏លើសលប់បានអូសបន្លាយអស់រយៈពេលជាងកន្លះខែមកហើយ និងមិនបង្ហាញសញ្ញានៃការធ្លាក់ចុះឡើយ។ តំបន់ជាច្រើននៅទូទាំងប្រទេសនៅតែមានការប្រុងប្រយ័ត្នខ្ពស់។

យោងតាមទីភ្នាក់ងារត្រួតពិនិត្យទឹកជំនន់របស់ប្រទេសចិនបានអោយដឹងថា ទឹកភ្លៀងនឹងត្រូវបានគេរំពឹងទុកនៅក្នុងខេត្តក្វាងស៊ី ហ៊ូណាន ក្វាងទុង និងខេត្តភាគខាងត្បូងផ្សេងទៀតចាប់ពីថ្ងៃសុក្រដល់ថ្ងៃអង្គារ។ ខណៈពេលដែលតំបន់ខ្លះកំពុងចាប់ផ្តើមរសាយពីគ្រោះទឹកជំនន់ តំបន់ផ្សេងទៀតកំពុងត្រៀមប្រឈមនឹងព្យុះភ្លៀងខ្លាំងបំផុតនៅឡើយ៕

 

ប្រភព៖ news.cgtn.com