នារីរូបស្រស់ស្អាតម្នាក់ជាអ្នកលក់ឡេ និងគ្រឿងសំអាង បានទូរស័ព្ទប្តឹងសមត្ថកិច្ចផ្អើលទាំងយប់ ខណៈនៅផ្ទះម្នាក់ឯង រួចដេកមិនលក់ក៏អារម្មណ៍ភ័យខ្លាច ព្រោះតែលឺសូរខ្យល់បក់ប្រាវៗ ក៏ថា មានចោរចូលផ្ទះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅបុរីពិភពថ្មីចំការដូង ផ្លូវអក្សរ E ផ្ទះលេខ៤៨ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ។
នារីម្ចាស់ផ្ទះខាងលើដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់អោយដឹងថា ពេលព្រលប់រូបនាងបានចូលសំរានដូចធម្មតា លុះដល់ម៉ោង២ជិតម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២ មិថុនានេះ រូបនាងបានឬសូរសំឡេង ដូចជាមានអ្នកគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិរបស់នាង ហើយពេលនោះដែរដោយសារតែរូបគាត់ជាស្ត្រី ហើយនៅតែម្ដងឯងទៀត ក៏មានអារម្មណ៍ភ័យខ្លាច ទើបទូរស័ព្ទប្តឹងសមត្ថកិច្ចថា មានចោរចូលផ្ទះតែម្ដងទៅ ។
បើតាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ពួកគាត់ក៏ដូចជាសន្តិសុខដែលយាមនៅបុរីខាងលើ បានចុះទៅដល់ផ្ទះនារីរូបស្រស់ រួចហើយក៏បានដើររកមើលជុំវិញផ្ទះ ដូចជាក្នុងផ្ទះ ប៉ុន្តែមិនឃើញមានអ្វីប្លែកនោះទេ មានតែលឺសំឡេងខ្យល់បក់ប៉ះជាមួយនឹងស័ង្កសី នៅលើដំបូលផ្ទះតែប៉ុណ្ណោះ ។
ជាលទ្ធផល សមត្ថកិច្ចបានបញ្ជាក់ដែរថា មកពីនារីជាម្ចាស់ គាត់នៅតែម្នាក់ឯង ខ្លាច ណាមួយដេកមិនលក់ផង បូករួមទាំងមានខ្យល់បក់ប៉ះជាមួយនឹងសង្ក័សីលើដំបូលផ្ទះទៀត ទើបធ្វើឱ្យនាងអារម្មណ៍ភ័យខ្លាចថា មានជនសង្ស័យចូលគាស់ផ្ទះតែម្ដងទៅ ៕