អស់ទាស់! ខឹងចិត្តរកប្រពន្ធមិនបាន ជម្រើសចុងក្រោយ​ដើរដាក់បដាប្រកាសរកប្រពន្ធតាមបង្គោលចរាចរណ៍

បុរសម្នាក់មកពីរដ្ឋ Terengganu ប្រទេសម៉ាឡេស៊ី បានធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធើរណិតជាច្រើន ភ្ញាក់ផ្អើលជាខ្លាំង ចំពោះវិធីស្វែងរកប្រពន្ធតែមួយគត់របស់គាត់ ដោយព្រីនរូបថតខ្លួនឯងដាក់បដា ភ្ជាប់ជាមួយឈ្មោះ, គីឡូ និងលេខទូរស័ព្ទចំនួន២ខ្សែ រួចយកទៅចងតាមបង្គោលភ្លើងសាធារណៈ។

Noor Aziro bin Abdullah អាយុ ៣៥ ឆ្នាំ បាននិយាយថា គាត់បានដាក់បដា២នៅក្នុង Dungun រដ្ឋ Terengganu ដោយក្នុងនោះ ១ដាក់នៅក្នុងទីក្រុង និងមួយទៀតដាក់នៅតាមឆ្នេរ Pantai Teluk Bidara។

Aziro បានសារភាពថា គាត់បានបោះបង់ចោលការស្វែងរកប្រពន្ធតាមបណ្តាញសង្គម ដោយសារតែមានការប្រកួតប្រជែង និងជម្រើសច្រើនពេក ដែលគាត់ត្រូវប្រឈមមុខ។

គាត់បានប្រាប់សារព័ត៌មាន Malay Mail ថា៖ «ដោយសារតែពុំអាចរកប្រពន្ធតាមអ៊ីនធើរណិតដូចអ្នកដទៃ ហេតុដូច្នេះ ខ្ញុំក៏បានសម្រេចចិត្តលើកបដាដោយខ្លួនឯង ដោយសង្ឃឹមថា នរណាម្នាក់មកពីភូមិក្បែរនោះ នឹងចាប់អារម្មណ៍»។

បន្ទាប់មក គាត់បានទទួលការខលទូរស័ព្ទជាច្រើន ពីមនុស្សចម្លែកៗជាច្រើន ដោយបានស្នើសុំឲ្យមានសុពលភាពនៃបដាដែលគាត់បានដាក់។

បុរសអភព្វស្នេហ៍រូបនេះ បានឲ្យដឹងថា៖ «ខ្ញុំទទួលទូរស័ព្ទពី Kedah, KL, Selangor និងសូម្បី Kuantan» ។ គាត់បន្ថែមថា៖ «មានអ្នកទូរស័ព្ទមកពី Penang ដោយបានសរសើរខ្ញុំអំពីវិធីសាស្រ្តរបស់ខ្ញុំក្នុងការស្វែងរកប្រពន្ធ និងប្រភពដើមនៃគំនិតនេះ» ។

ទោះយ៉ាងណា Aziro មិនបានប្រាប់សមាជិកគ្រួសារណាម្នាក់ ឲ្យដឹងអំពីវិធីស្វែងរកប្រពន្ធដ៏ចម្លែកនេះទេ ប៉ុន្តែ គាត់នៅតែសង្ឃឹមថា អ្នកណាម្នាក់នឹងចាប់អារម្មណ៍គាត់ក្នុងពេលឆាប់ៗនេះ។

ពិតណាស់ កាលពីរសៀលម្សិលមិញនេះ រូបថតបដារបស់ Aziro ត្រូវបានបង្ហោះនៅលើ Twitter ដោយអ្នកប្រើប្រាស់ឈ្មោះ @lati0s ហើយឃើញថា វាទទួលបានការចាប់អារម្មណ៍ចែករំលែកយ៉ាងច្រើននៅលើបណ្តាញសង្គម៕