ទាំងនេះជារូបភាពដ៏ស្រស់ៗស្អាត និងកម្រធ្លាប់បានឃើញពីមុន ខណៈម្ចាស់ «ផលិតកម្ម អង្គរវត្ត» បានបញ្ចេញរូបថតអតីតតារាចម្រៀង ទូច ស៊ុននិច ដោយភ្ជាប់សារនិយាយត្រង់ៗពីចរិតពិតពីកំណើតរបស់នាង ជាមួយក្តីស្រឡាញ់នឹករលឹកយ៉ាងខ្លាំង។
តាមទំព័រហ្វេសប៊ុករបស់ខ្លួន ម្ចាស់ផលិតខាងលើបានសរសេររៀបរាប់មួយៗយ៉ាងក្បោះក្បាយថា៖ «រូបថតដែលក្មួយស្រីកាន់ពានរង្វាន់នេះ គឺខ្ញុំបានថតដោយផ្ទាល់ដៃខ្ញុំដែលជាចាងហ្វាងផលិតកម្មអង្គរវត្ត នៅថ្ងៃទីមួយខ្ញុំបានជួបឪពុករបស់នាង ថ្ងៃទីពីរគាត់បាននាំក្មួយស្រីតូច ស្រីនិច មកជួបនឹងខ្ញុំតាមកាលសំណូមពររបស់ខ្ញុំដែលចង់ជួបនាង នាងមានចារិតសុភាព ឈរជិតឪពុកញញឹមយ៉ាងស្រស់មិនមានវាចាអ្វីទាំអស់ គ្រួសារមួយដែលមិនមែនជាគ្រួសារសម្បត្តិមហាសាលមែនពិត ប៉ុន្តែគឺជាគ្រួសារដ៏មានសុភមង្គលដ៏គួរឱ្យគោរព និង ជាទីរាប់អាន ដែលយើងរាល់គ្នាចង់បានមកធ្វើជាមិត្តភក្តិ គ្រួសារដែលរស់នៅដោយក្រឹតវិនយ័របស់ព្រះយ៉ាងពិតប្រាកដ មានសេចក្ដីស្រឡាញ់ អំណរ មេត្រី អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ។ ខ្ញុំបានជួបនឹងឪពុករបស់នាងប៉ុន្មានដងដែរកាល ៧ ឬ ៨ ឆ្នាំមុន នៅ Stockton in California ។
ខ្ញុំនឹកនាងជានិច្ច រូបថតនេះខ្ញុំថតជាមួយនាង និង ឪពុករបស់នាង ជាមួយនាង នារីរត្ន គន្ធា នៅ South Carolina USA ,May God Continue Bless all her family as well forever» ។»
ជាមួយគ្នានេះផងដែរ គេក៏បានកត់សម្គាល់ឃើញមានអ្នកគាំទ្រជាច្រើន ក៏បានលើកឡើងពីចរិតរបស់អតីតតារាចម្រៀង ទូច ស៊ុននិច ផងដែរ ថានាងជាតារាចម្រៀងដ៏ល្បីរបស់កម្ពុជាមួយដួង ដែលមានចរិតប្ញកពារល្អ គ្មានប្រវត្តិឆ្មើងឆ្មៃ ក្រអើតក្រទមដាក់រៀមច្បង ឬបណ្តាអ្នកសិល្បះចាស់ព្រឹទ្ធាចារ្យណាឡើយ តែផ្ទុយទៅវិញ គឺមានតែការគោរព ស្រឡាញ់ និងឲ្យតម្លៃ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាងនៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជនកម្ពុជារហូតមកទល់សព្វថ្ងៃ បើទោះជានាងមិនអាចមានសមត្ថភាពបំពេអារម្មណ៍អ្នកគាំទ្រទៀតក្តី។
សូមរម្លឹកឲ្យដឹងផងដែរថា មកទល់ពេលនេះ អតីតតារាចម្រៀងសម្លេងផ្អែមស្រទន់ ទូច ស៊ុននិច ដែលកំពុងរស់នៅឆ្ងាយពីមាតុភូមិនៅឯសហរដ្ឋអាមេរិក បានទទួលរងការបាញ់ប្រហារយ៉ាងសាហាវពីខ្មាន់កាំភ្លើងមិនស្គាល់មុខនៅថ្ងៃទី២១ តុលា ឆ្នាំ២០០៣ នៅខណៈពេលដែលនាង និងម្តាយដើរចេញពីហាងលក់ទំនិញមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ។ តែជាអកុសល នៅពេលនោះ ម្តាយរបស់នាងបានទទួលរងការបាញ់ប្រហាររហូតស្លាប់នៅនឹងកន្លែងកើតតែម្តង៕