ម្ចាស់បទ «កន្តៀវអូនស្រួយ» ចេញមុខសុំទោសមហាជនជាសាធារណៈ និងបង្ហាញអារម្មណ៍ពិតមួយនេះថា…. (វីដេអូ)

សូមរម្លឹកថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បទចម្រៀង «កន្តៀវស្រួយ» បានទទួលរងការរិះគន់យ៉ាងខ្លាំងក្លា ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ព្រោះតែបទចម្រៀងនេះត្រូវបានតាក់តែងឡើងបង្កប់ន័យអាសអាភាសដ៏មិនគួរគប្បី ព្រោះតែក្នុងបំណងទាក់ទាញប្រយោជន៍ពី Youtube ដោយពុំបានគិតស៊ីជម្រៅពីផលប៉ះពាល់ដល់តម្លៃសេចក្តីថ្លៃថ្នូរសង្គមសោះឡើយ។

ទោះយ៉ាងណា ក្រោយមហាជនផ្ទុះការរិះគន់កាន់តែខ្លាំងទៅៗ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ក្រសួងវប្បធម៌ ក៏បានកោះហៅអ្នកនិពន្ធបទ «កន្តៀវស្រួយ» ចូលទៅបំភ្លឺ និងធ្វើកិច្ចសន្យា។ ក្រោយក្រសួងបានធ្វើការពន្យល់ណែនាំ អ្នកនិពន្ធបានធ្វើការសុំទោសមហាជនជាសាធារណៈ ដោយសន្យានិពន្ធបទក្រោយៗមិនឲ្យប៉ះពាល់តម្លៃសង្គមបែបនេះទៀតទេ។

ឆ្លើយតបនឹងបទសម្ភាសន៍ជាមួយសារព័ត៌មាន តារាញូស៍ កញ្ញា បរ៉ាម៉ី បានបញ្ចេញអារម្មណ៍ពិតរបស់ខ្លួនថា «បើតាមខ្ញុំៗ ច្រៀងរួចហើយ គឺហើយៗ គឺអត់គ្រលាស់ទេ ប៉ុន្តែ ខ្ញុំក៏មិននឹកស្មានថា បទចម្រៀងនេះនឹងទទួលរងការរិះគន់ពុះកញ្ជ្រោលបែបនេះទេ។ តែទោះយ៉ាងណា ខ្ញុំទទួលយកការរិះគន់ និងគិតថាការរិះគន់របស់ពួកគាត់សម្រាប់បទចម្រៀងមួយនេះ គឺពិតជាត្រឹមត្រូវ ព្រោះថាបទនេះគឺពិតជាបង្កប់អត្ថន័យបែបនេះពិតមែន» ។

ជាចុងក្រោយ តារាចម្រៀងវ័យ ១៨ ឆ្នាំ រូបនេះ ក៏បានធ្វើការសុំទោសជាសាធារណៈ ទៅកាន់មហាជន ចំពោះបទចម្រៀង ដែលខ្លួនបានច្រៀង ដែលធ្វើឲ្យប៉ះពាលទៅដល់អារម្មណ៍របស់បងប្អូន និងសន្យាកែខ្លួន កែគំនិត ដោយចេញបទចម្រៀងណាដែលល្អៗ៕