ពីអតីតមេប៉ុស្តិ៍ម្នាក់អត់ធ្លាប់ដែលគិត និងសូម្បីតែចេះផ្សារ ប្រែក្លាយម៉ូតូកង់ពីរ ទៅជាកូនឡានកែច្នៃគួរឲ្យកោតសរសើរ (វីដេអូ)

លោកពូម្នាក់ បានធ្វើឲ្យកូនខ្មែរជាច្រើនកោតសរសើរជាខ្លាំង ចំពោះស្នាដៃរបស់គាត់ចេះកែច្នៃម៉ូតូកង់ពីរទៅជារថយន្ត ដែលទាំងរូបគាត់ពុំធ្លាប់ដែលគិតស្រមៃពីមុន ហើយសូម្បីតែពុំធ្លាប់ធ្វើជាងរថយន្ត និងផ្សារដែកផងនោះ

លោក ឌិន មណ្ឌល នៅភូមិស្រែឬស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានរៀបរាប់ប្រាប់ឲ្យដឹងថា គាត់បានទិញម៉ូតូចាស់ក្នុងតម្លៃប្រហែល ៨០០ ដុល្លារ ដើម្បីដោះយកកង់ ម៉ាសុីន តាបឡូចន្តអគ្គិសនី ចង្កៀងភ្លើង និងបូមរបស់វាប៉ុណ្ណោះ។ បន្ទាប់មក គាត់បានយកផ្នែកសំខាន់ៗទាំងនេះរបស់ម៉ូតូ យកទៅផ្គុំនឹងដែក ដើម្បីកែច្នៃតំឡើងជាកូនរថយន្ត១គ្រឿងដែលផ្ទុកមនុស្សជិះ៥នាក់ រួមទាំងអ្នកបើក (ខាងក្រោយ ៣ និងខាងមុខ ២)។

លោក មណ្ឌល ក៏បានបញ្ជាក់ឲ្យដឹងថា គាត់ចំណាយទុនជាង ១ ពាន់ដុល្លារ និងប្រើពេលវេលាជាង៥ខែ ទើបរួច។ គាត់កែច្នៃរថយន្តពីម៉ូតូជាលើកដំបូងនេះ គឺទុកសម្រាប់ជិះកម្សាន្តជាលក្ខណៈទេសចរណ៍ (ជិះក្នុងភូមិជួបជុំបងប្អូន និងមិត្តភក្តិ) ប៉ូណ្ណោះ។

អ្វីដែលពិសេសបន្ថែមទៀតនោះ គឺគាត់ក៏បានយកធុងបាសប្លូធូ មកភ្ជាប់នឹងផ្នែកខាងក្រោយនៃរថយន្ត ដែលអាចមនុស្សចាក់បទចម្រៀងស្តាប់កម្សាន្ត និងអង្គុយពីលើវាបាន។ រថយន្តនេះក៏ត្រូវបានកែច្នៃដំបូល ដើម្បីកុំឱ្យត្រូវកម្ដៅថ្ងៃ និងទឹកភ្លៀងផងដែរ។

គួរបញ្ជាក់ផងដែរថា លោកពូ ឌិ មណ្ឌល ត្រូវបានដឹងថាជាអតីតមេប៉ុស្តិ៍ម្នាក់នៅខេត្តស្ទឹងត្រែង ដែលមានស្នាដៃបម្រើការងារជូនប្រជាពលរដ្ឋល្អណាស់ តាមរយៈការបង្រ្កាបបទល្មើសផ្សេងៗក្នុងមូលដ្ឋានដូចជា៖ ក្មេងទំនើង និងថ្នាំញៀន ជាដើម៕