អាចនិយាយបានថា ដោយសារតែផ្លូវត្រូវបានកសាងស្អាត មិនមែនបន្លា ឬវត្ថុមុតស្រួចដូចៗមុននោះ ជាហេតុធ្វើឲ្យជនខិលខូចមានគំនិតអាក្រក់មួយចំនួនតូចដែលហាក់ចង់ដាច់បាយព្រោះខ្សត់ម៉ូយ បានប្រើវិធីដ៏គួរឲ្យស្អប់ខ្ពើម ដើរបាចពិសេសដែកគោលរាយតាមផ្លូវ ក្នុងបំណងឲ្យម៉ូតូឡានជិះឆ្លងកាត់មុតធ្លាយ ដើម្បីអូសទាញម៉ូយដែលបែកកង់ចូលមកប៉ះនៅកន្លែងរបស់ខ្លួន។
ដោយឡែក ថ្មីៗនេះ ករណីដូចបានលើកឡើងខាងលើនេះ បានកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ដែលធ្វើឲ្យអ្នកប្រើប្រាស់អ៊ិនធើរណិត ភ្ញាក់ផ្អើលស្ទើរតែមិនគួរឲ្យជឿ។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Khanafi Mohd បានចែករំលែករឿងរ៉ាវដ៏ហួសចិត្តនេះ ខណៈគាត់បានធ្វើដំណើរនៅតាមផ្លូវ Jalan Skudai-Tampoi បានប្រទះឃើញដែកគោលយ៉ាងច្រើនរាយប៉ាយនៅផ្នែកម្ខាងនៃផ្លូវ។
តែទោះយ៉ាងណា គេក៏មិនទាន់ចោទប្រកាន់ថា នេះជាចេតនាបាចដែកគោល ដើម្បីឲ្យមុតកង់ឡានម៉ូតូអ្នកដំណើរឆ្លងកាត់ដែលពុំចាប់អារម្មណ៍ ឬ ក៏ជ្រុះដោយចៃដន្យនោះទេ ដោយនៅកន្លែងកើតហេតុ គេក៏បានរកឃើញមានស្នាមប្រេងផងដែរ។ ហើយបច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតលើករណីនេះហើយ៕