ថៅកែហាងពេជ្ររូបស្រស់ ទ្រី ដាណា ផ្តាំបើចង់ជោគជ័យ ត្រូវគិតថារកស៊ីក៏ដោយ ធ្វើការក៏ដោយ វាដូចជាការបេះផ្លែឈើចឹង… អានហើយភ្លឺភ្នែក

ដូចដែលបងប្អូនគ្រប់គ្នានៅលើបណ្តាញសង្គមបានស្គាល់ច្បាស់ហើយ អ្នកស្រី ទ្រី ដាណា គឺជាម្ចាស់ហាងពេជ្ររូបស្រស់នៅព្រែកព្នៅ ដែលបច្ចុប្បន្ននេះ ទទួលបានការស្រឡាញ់ចូលចិត្ត ពីមនុស្សគ្រប់មជ្ឈដ្ឋាន តាមរយៈសកម្មភាពមនុស្សធម៌ដែលអ្នកស្រីបានធ្វើជាច្រើនរាប់មិនអស់។

ជាមួយគ្នានេះផងដែរ អ្នកស្រី ទ្រី ដាណា ក៏ទទួលការកោតសរសើរជាខ្លាំងថា ពូកែមានគំនិតរកស៊ី ដែលធ្វើឲ្យអ្នកស្រីក្លាយជាបុគ្គលមានកេរ្តិ៍ឈ្មោះល្បី និងមានមុខមាត់នៅក្នុងសង្គម មកទល់បច្ចុប្បន្ន។

ទាក់ទឹងរឿងរកស៊ីទទួលបានភាពជោគជ័យដ៏ធំធេង មានផ្ទះវីឡាដ៏ស្កឹមស្កៃ ឡានទំនើបតម្លៃកប់ជិតលានដុល្លារនោះ ថ្មីៗនេះ អ្នកស្រី ទ្រី ដាណា ក៏បានចែករំលែកបទពិសោធន៍គំនិតធ្វើអាជីវកម្មទទួលបានផ្លែផ្កាខ្លះៗ ដោយប្រៀបធៀបការធ្វើការ ឬ រកស៊ី ទៅនឹងការបេះផ្លែឈើ។

អ្នកស្រី ទ្រី ដាណា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «រកស៊ីក៏ដោយ ធ្វើការក៏ដោយ វាដូចជាការបេះផ្លែឈើចឹង យីចេះប្រៀបធៀបកើត តែចង់ប្រាប់ថា អ្នកនៅចាំក្រោមដើម ចាំផ្លែធ្លាក់មក វាស្រួល វានៅកន្លែងសុខ តែផ្លែធ្លាក់មកហ្នឹង មិនឆ្ងាញ់ប៉ុន្មានទេ ព្រោះអាចជ្រាយ អាចទុំជ្រុល ហើយក៏មិនទាន់ចិត្តដែរ។

អ្នកឡើងទៅបេះ ប្រាកដជាហត់ ត្រូវតោងខ្លាចធ្លាក់ ប្រើកម្លាំង ភ័យផង គិតផង តែបើឡើងដល់លើ មានមែកអង្គុយស្រួលហើយ ចង់បេះប៉ុន្មានក៏បាន ហើយស្រស់ទៀត បើគេឡើងដល់លើហើយ អ្នកក្រោមហ្នឹងកុំសង្ឃឹម ដឹងតាអត់ហើយ។

ខ្ញុំចង់ប្រាប់ទៅអ្នករកសុីទាំងអស់ថា បើតាំងចិត្តចង់រកស៊ី ចង់មានលំនឹង ចង់បានរបស់ឆ្ងាញ់ស្រស់ល្អ ទាល់តែខំតិច ទាល់តែប្រឹងតោងឡើង បើនៅតែចាំក្រោមដើម កុំសង្ឃឹមថាបានគ្រប់។

អរគុណបានអាន ខ្ញុំចេះតែសរសេរ មិនដឹងនិយាយពីអីទេ»៕