ក្រោយពីបានឃើញវីដេអូបង្ហោះ និងសារព័ត៌មានជាច្រើនចុះផ្សាយព្រោងព្រាត នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ដែលម្ចាស់ហាងយីហោ ធារ៉ា ស្ថិតនៅផ្លូវលេខ១០៨កែងផ្លូវលេខ៥១ ភូមិទី៣សង្កាត់វត្តភ្នំខណ្ឌដូនពេញ បានប្រេីអំពើហិ ង្សា ទៅលើបុគ្គលិករបស់ខ្លួនយ៉ាងសាហាវ ដូចធ្វើទៅលើសត្វធាតុនោះ ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំបានកោះហៅម្ចាស់ហាងខាងលើមកសាកសួរនិង អនុវត្តន៍តាមនីតិវិធីច្បាប់ជូនជនរងគ្រោះ។
សូមរម្លឹកថា ទង្វើរនៃសកម្មភាពរបស់ប្តីថៅកែហាង ធារ៉ា ដែលផ្ទុះកំហឹងរឿងប្តីប្រពន្ធខ្លួន បែរយកចានគប់ទៅលើកូនឈ្នួលត្រូវចំមុខពេញមួយទំហឹង រួចយកជើងទាត់ធាក់បន្ថែមទៀត បន្ទាប់ចូលទៅទៅជួយឃាត់ បានធ្វើឲ្យមហាជនស្អប់ខ្ពើមយ៉ាងខ្លាំង និងថែមទាំងជំរុញឲ្យសមត្ថកិច្ចចាប់ដាក់គុកទៀតផង។
នៅក្នុងវីដេអូនៃហេតុការណ៍ដ៏រន្ធត់នេះ ដែលបានកើតឡើងកាលពីយប់ថ្ងៃទី០៦ ខែមិថុនា បានបង្ហាញឲ្យឃើញ ដំបូងឡើយ ខណៈស្ត្រីជាប្រពន្ធ និងកូនៗឈ្នួល កំពុងរៀបចំអាហារជូនអតិថិជន នៅពេលនោះ ស្រាប់តែបុរសជាប្តីនោះ មិនដឹងដើរមកពីណា ចូលមកទាញចាន កែវ បោកលើតុ និងលើដីយ៉ាងសន្ធាប់តែម្តង ។ ក្រោយពីបានឃើញថៅប្រុសរូបនេះបោកបំផ្លាញរបស់ទ្រព្យដ៏សាហាវ និងបារម្ភពីសុវត្ថិភាពថៅកែស្រី ភ្លាមៗនោះ បុរសជាកូនឈ្នួល២នាក់ក៏បានចូលមកឃាត់។ ទោះយ៉ាងណា ម្នាក់ក្នុងចំណោមកូនឈ្នួលទាំងពីរ ត្រូវថៅកែគប់ចានត្រូវចំមុខពេញទំហឹង បណ្តាលឲ្យដេកដួលទៅនឹងដីភ្លាមៗតែម្តង។ មិនត្រឹមតែប៉ុណ្ណឹង ថៅកែចិត្តសាហាវព្រៃផ្សៃរូបនេះ ក៏បានប្រើជើងទាត់ធាក់ទៅលើជនរងគ្រោះបន្ថែម ដោយបានចង្អុល និងបោះពាក្យសម្តីថា កុំចេះដឹងរឿងប្តីប្រពន្ធអាញ់។
ទោះយ៉ាងណា នៅពេលនេះ គេមិនទាន់ដឹងថា តើសមត្ថកិច្ចនឹងមានចំណាត់ការផ្លូវច្បាប់ទៅលើថៅកែប្រុសចិត្តកំណាចរូបនេះយ៉ាងណានោះទេ៕