ទីបំផុត! អ្នកនិពន្ធបទ «កន្តៀវស្រួយ» ទទួលស្គាល់កំហុស និងសន្យាឈប់ឲ្យមានលើកក្រោយ បើមានទៀតសូមឲ្យ…..

នៅ​ព្រឹក​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ​២០២០​នេះ ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ  បាន​កោះហៅ​អ្នកចម្រៀង និង​ជា​អ្នក​សម្តែង​កញ្ញា ប​រ៉ា​ម៉ី និង​អ្នកនិពន្ធ ឈ្មោះ អ៊ិ​ច ចន្ថា ដែល​បាន​និពន្ធ​បទ «​កណ្តៀវ​អូន​ស្រួយ​» និង​បទ «​ស្រណោះ​អង្រែ​» ដើម្បី​ទទួលបាន​ការណែនាំ​ពី​មន្ត្រី​ក្រសួង​វប្បធម៌ បន្ទាប់​ពីបទ​ចម្រៀង​នេះទទួលរងការរិះគន់យ៉ាងធ្ងន់ៗថា ពោរពេញ​ដោយ​អត្ថន័យ​ប៉ះពាល់​ដល់​សីលធម៌​សង្គម​។

​ទោះយ៉ាងណា ក្រោយ​ដឹកនាំ​ការប្រជុំ​ដោះស្រាយ​បញ្ហា​នេះ អស់​រយៈពេល​ប៉ុន្មាន​ម៉ោងកាលពី​ព្រឹក​មិញ​នេះ លោក ចំរើន វ៉ាន់​ថា ទីប្រឹក្សា​អម​ក្រសួង វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថា «​ម្ចាស់​បទ និង​អ្នកនិពន្ធ បានទទួល​ស្គាល់​រាល់​កំហុសឆ្គងរបស់ខ្លួន តាមរយៈ​ការធ្វើ​កិច្ចសន្យា​ជាលា​យ​ល័​ក្ខ​អក្សរ​ថា នឹងមិន​ធ្វើ​អ្វីដែល​ប្រាសចាក​ពី​ក្រមសីលធម៌​តទៅទៀត​ទេ ហើយនឹង​ប្រែក្លាយ​រាល់​ចំណេះដឹង​របស់ខ្លួន ឲ្យ​ទៅជា​លក្ខណៈល្អប្រសើរ លើកស្ទួយ​ដល់​សង្គមជាតិ​» ។​

​លោក ចំរើន វ៉ាន់​ថា ក៏បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា តាមពិតទៅ អ្នកនិពន្ធ​បទ​នេះ មិន​បានគិត​ស៊ីជម្រៅ​អំពី​ផលប៉ះពាល់​នោះ​តេ ដោយ​គ្រាន់តែ​ចង់​ផលិត​បទ​ចម្រៀង​នេះ​ទាក់ទាញ​ផលប្រយោជន៍​ពី Youtube ប៉ុណ្ណោះ កាលពី​អំឡុងពេល​នៃ​ការផ្ទុះ​កូ​វីដ​១៩​។ ប៉ុន្តែ ក្រោយពី​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន ម្ចាស់​បទ​នេះ​ក៏បាន​លុប​វីដេអូ​នេះ​ចេញ​វិញ​តាំងពី​ម្សិលមិញ នៅលើ​ឆា​ណែ​ល Youtube ឈ្មោះ Domrey រួចហើយ​។​

​ក្នុង​កិច្ចសន្យា អ្នកនិពន្ធ​បទ​ខាងលើនេះ បាន​សរសេរ​រៀបរាប់​​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំបាទ​ឈ្មោះ អ៉ិ​ច ចន្ថា កើត​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​១៩៨១ ជា​អ្នកនិពន្ធ​បទ​ចម្រៀង ដែលមាន ចំណងជើង​ថា ( កណ្តៀវ​អូន​ស្រួយ ) និង​បទ ( ស្រណោះ​អង្រែ​) ជា​បទ​ចម្រៀង ដែល​ប្រើ​ពាក្យពេចន៍ អសុរ​ស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សីលធម៌​សង្គម ដែល​ធ្វើ​ឲ្យ​មហាជន​មាន​ការមិន​ពេញចិត្ត និង​បណ្ដាល​ឲ្យ​ប៉ះ ពាល់​ដល់​តម្លៃ​សីលធម៌​សង្គម​។

​ខ្ញុំបាទ អ៉ិ​ច ច​ន្តា សូម​ធ្វើការ​សុំទោស​ជា​សាធារណៈ ដល់​មហាជន និង​សូម​សន្យាថា មិន​តែង​និពន្ធ​បទ​ចម្រៀង​ដែល​បង្ក​ឲ្យ​មានការ​ប៉ះពាល់ ដល់​វប្បធម៌​សង្គមជាតិ​តទៅទៀត​ទេ​។ ខ្ញុំ​នឹងធ្វើ​ការចុះបញ្ជី​ផលិតកម្ម​ឲ្យ​បាន​ត្រឹមត្រូវ តាមច្បាប់ និង​យក​ទេពកោសល្យ​ដែល​ខ្ញុំ​មាន មក ប្រើប្រាស់​ក្នុង​ផ្លូវ​វិជ្ជមាន ដើម្បី​ជួយ​លើកស្ទួយ​តម្លៃ​សិល្បៈ​វប្បធម៌​ជាតិ​» ៕