៦ខែហើយយុត្តិធម៌ស្ងាត់ឈឹង! កំហឹងគ្រួសារនារីរងគ្រោះទប់លែងចង់បាន ដោយបង្ហោះសារដ៏ធ្ងន់ៗបែបនេះថា…

ដូចដែលប្រិយមិត្ត និងមហាជនបានទទួលជ្រាប ជាមួយនឹងកំហឹងឈឺចាប់រួចហើយ ដែលកាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានករណីអំពើឃាតកម្មមួយដ៏សាហាវមួយ ដោយនារីស្រស់ស្អាតវ័យក្មេងម្នាក់ឈ្មោះ ជុន ឌីណា អាយុ ២៦ ឆ្នាំ ជានិស្សិតពេទ្យយោធា និងជាអ្នកលក់គ្រឿងសំអាងតាមអនឡាញ ត្រូវបានបុរសជាគូដណ្ដឹងមានឈ្មោះ យឺន វ៉ាន់ដេត អាយុ ៣០ ឆ្នាំ មុខរបបជានាយទាហាននៅអង្គភាពកងពលតូចលេខ៧០ មានឋានន្ដរស័ក្កវរសេនីយ៍ត្រី បានបាញ់ប្រហារចំនួន៥គ្រាប់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម ដែលគេសង្ស័យថាផ្តើមចេញពីរឿងប្រច័ណ្ឌ។

បើទោះជារឿងនេះបានកើតឡើងយូរមកហើយ ដោយគិតមកទល់ពេលនេះមានរយៈពេល ៦ ខែ ទៅហើយក្តី តែជនដៃដល់ជាឃាតករ នៅតែពុំទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់នោះឡើយ។

ដោយសារតែយុត្តិធម៌សម្រាប់ជនរងគ្រោះនៅតែបន្តស្ងាត់ឈឹង ថ្មីៗនេះនេះ (នៅថ្ងៃទី០៩ ខែមិថុនា) បងប្រុសរបស់នារីរងគ្រោះដែលមានគណនីហ្វេសប៊ុកឈ្មោះ «រាជនី តន្រ្តីសម័យ​» បានបង្ហោះសារទាំងកំហឹងឈឺចាប់សឹងតែទៅសម្លាប់ជនដៃដល់ដោយផ្ទាល់ដៃបែបនេះថា៖ «មេីលរូបប្អូនស្រីម្តងណា ចង់តែដេី3ជំហ៊ានអោយដល់គោលដៅ បេីហែងមិនសងជីវិតប្អូនស្រីអាញ់ អោយម៉ែឪហែងសងជំនួសមក»។

ជុំវិញរឿងរ៉ាវនេះផងដែរ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមភាគច្រើនបានលើកឡើងត្រង់ៗថា រឿងនេះបើគេចង់រកវិញ នោះរកតែមួយថ្ងៃក៏ឃើញដែរ ប៉ុន្តែ ដោយសារតែជនដៃដល់មានខ្សែធំនៅពីក្រោយ ទើបរឿងនេះបន្តស្ងាត់ឈឹងបែបនេះទៅ៕