ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គលេខាធិការ នៃសមាគមមិត្តនគរបាលជាតិកម្ពុជា បានចេញលិខិតមួយច្បាប់ផ្ញើជូនក្រសួងព័ត៌មាន ស្តីពីការសំណូមពរពិនិត្យកែលម្អដល់ស្ថានីយ៍ទូរទស្សន៍ និងសិល្បករមួយចំនួនដែលបាននិពន្ធ និងដឹកនាំកាសម្តែងឈុតវីដេអូកំប្លែងខ្លីៗ ដែលមានផលប៉ះពាល់ពាក់ព័ន្ធទៅនឹងរូបភាពជាមន្រ្តីនគរបាលជាតិ។
ក្នុងលិខិតលេខ ២៧ លស.សមន ចុះនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ សមាគមមិត្តនគរបាលជាតិកម្ពុជា បានជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មានទទួលជ្រាប ដែលមានខ្លឹមសារថា៖ «មួយរយៈកន្លងមកនេះ ជាពិសេសស្ថិតក្នុងស្ថានភាពដែលក្រសួងមហាផ្ទៃបាននិងកំពុងធ្វើយុទ្ធនាការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ សមាគមមិត្តនគរបាលជាតិកម្ពុជា បានពិនិត្យ និងសង្កេតឃើញថា មានស្ថានីយ៍ទូរទស្សន៍ ក៏ដូចជាសិល្បករមួយចំនួន បានផលិតជាខ្សែវីដេអូកំប្លែងខ្លី ដោយឈុតសាច់រឿងខ្លះបានសម្តែងជាតួអង្គមន្រ្តីនគរបាលជាតិ ដែលមានការស្លៀកពាក់ឯកសណ្ឋានមិនបានត្រឹមត្រូវ និងមិនគ្រប់គ្រាន់សញ្ញាសម្គាល់ផ្អែកតាមបទដ្ឋានស្តីពីឯកសណ្ឋាន និងស្លាកសញ្ញាមន្រ្តីនគរបាលជាតិ ដែលបានកំណត់ ហើយតួអង្គនគរបាលមានសក់វែង និងបានប្រើពាក្យសំដីខ្លះមិនសមរម្យទៅនឹងក្រមសិលធម៌វិជ្ជាជីវៈរបស់មន្រ្តីនគរបាលជាតិទៀតផង» ។
តាមរយៈការលើកឡើងពីហេតុផលខាងលើនេះ សមាគមមិត្តនរគបាលជាតិកម្ពុជា ក៏បានស្នើដល់មហាជនជួយស៊ែរព័ត៌មាននេះឲ្យបានទូលំទូលាយ នៅក្នុងបណ្តាញសង្គមផងដែរ ដើម្បីឲ្យមានការកែលម្អនូវចំណុចមិនល្អ ដែលនាំឲ្យប៉ះពាល់ដល់កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ដែលបាននិងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ច ថែរក្សាការពារសន្តិសុខ សណ្ឋាប់ធ្នាប់ សុវត្ថិភាព និងស្ថេរភាពសង្គម ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ៕