ក្រសួងមហាផ្ទៃចេញលិខិតផ្អាកសកម្មភាពរបស់សមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជាបណ្តោះអាសន្ន

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានចេញលិខិតមួយជម្រាបជូនទៅលោក ចៅ ចាន់ធឿន ប្រធានសមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា ដោយផ្អាកដំណើរការសកម្មភាព របស់សមាគមន៍នេះជាបណ្តោះអាសន្ន ពីព្រោះថា សមគមន៍មូលនិធិទ្រទ្រង់សហគមន៍កម្ពុជានេះបានធ្វើ កម្មភាពផ្ទុយនឹងលក្ខន្តិកៈ ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងច្បាប់បញ្ញត្តិស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយសារសមាគមនេះបាន និងកំពុងធ្វើសកម្មភាពស្វែងរកផលប្រយោជន៍តាមរយៈការអូសទាញចូលជាសមាជិក និងកំណត់ឲ្យបង់ប្រាក់ចូលសមាជិកសមាគម ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ។

អនុឡោមតាមបទប្បញ្ញត្តិមាត្រា៣០ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាពរបស់ សមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា ជាបណ្តោះអាសន្នក្នុងរយៈពេល៣០ (សាមសិប)ថ្ងៃ នៃថ្ងៃធ្វើការ ព្រមទាំងតម្រូវឲ្យសមាគមផ្តល់នូវរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១៩ និងត្រីមាសទី១ នៃឆ្នាំ២០២០ ផងដែរ ។​ ក្រសួងមហាផ្ទៃក៏បានតម្រូវផ្តល់នូវព័ត៌មានពាក់ព័ន្ធនឹងចរន្តគណនី (មូលនិធិតម្កល់ និងថ្នាក់ជាតិ) ព្រមទាំងផ្តល់នូវបញ្ជីឈ្មោះសមាជិកសមាគមតាមរាជធានី-ខេត្ត ផងដែរ ៕