ឧត្តមសេនីយ៍ឯក យឹម លាង​ ប្រកាសចូលកាន់តំណែងជាអគ្គស្នងការរងនគរបាលជាតិជាផ្លូវការ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញប្រកាសដាក់ឲ្យប្រើប្រាស់ផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានប្រកាសចូលកាន់មុខតំណែង ឧត្តមសេនីយ៍ឯក យឹម​ លាង ជាអគ្គស្នងការរងនគរបាលជាតិផងដែរ ។

ឧត្តមសេនីយ៍ឯក យឹម លាង អតីតជា នាយរងសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ហើយត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចេញអនុក្រឹត្យផ្ទេរក្របខ័ណ្ឌ ពីកងយោធពលខេមរភូមិន្ទ ឲ្យទៅបម្រើការងារក្នុងក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ និងតែងតាំងមុខតំណែងជា អគ្គស្នងការរងនគរបាលជាតិ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា ដោយមើលឃើញពីបទពិសោធការងារ ពាក់ព័ន្ធការការពារថ្នាក់ដឹកនាំ លោកនឹងចាត់ឲ្យឧត្តមសេនីយ៍ឯក យឹម លាង ទទួលបន្ទុកការងារការពារនេះដដែល ដោយត្រូវសហការជាមួយនាយកដ្ឋានអង្គរក្ស ។