(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១០ : ០០ នាទី កម្លាំងចម្រុះរបស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ចៅសង្កាត់វាលវង់ សហការណ៍ជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលដឹកនាំដោយលោកវរសេនីយ៍ទោ លី គឹមសក្តិ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក អោក លឹមចាន់រីណា ក្រឡាបញ្ជីអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានចុះអប់រំណែនាំទីតាំងកំណសាន្តមួយកន្លែង ឈ្មោះ ធូណាយ (2 Night Music & Pub) ដែលមានទីតាំងនៅផ្ទះលេខ១២A ផ្លូវលេខ១៣៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលទីតាំងនេះមានលក់គ្រឿងស្រវឹង ភ្លេងកំដរ ប្រមូលផ្តុំមនុស្សច្រើន ខុសពីសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់នៃការរីករាលដាលវីរុសកូវីដ១៩ ។
កម្លាំងចម្រុះក៏បានធ្វើកិច្ចសន្យាអប់រំណែនាំឈ្មោះ ជាង សុជាតិ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ដែលជាមេកាមើលការខុសត្រូវទីតាំងផ្ទាល់ ឲ្យបញ្ឈប់សកម្មភាពបណ្តោះអាសន្ន រហូតដល់មានការណែនាំអនុញ្ញាតរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ៕