យោងតាមទំព័រហ្វេសប៊ុក វិទ្យុសម្លេងកម្ពុជាក្រោម ឬ Voice of Kampuchea Krom Radio (VOKK) បានឲ្យដឹងថា នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ មានករណីអំពើឃាតកម្មដ៏សាហាវមួយ បានកើតឡើងទៅលើគ្រួសារខ្មែរក្រោមមួយ ដែលបានបណ្តាលឲ្យកូនស្រី និងឪពុក ត្រូវស្លាប់យ៉ាងអាណោចអាធ័ម ក្រោមស្នាដៃឃាតករតែមួយ ដែលជាជនវៀតណាម ។
ហេតុការណ៍ដ៏សាហាវព្រៃផ្សៃនេះ បានកើតឡើងនៅភូមិជ្រៃភេ ស្រុកកញ្ចោង ខេត្តព្រះត្រពាំង។ ជនរងគ្រោះជាកូនស្រីឈ្មោះ ថាច់ ធីសាភា អាយុ ៣៦ ឆ្នាំ ។ រីឯឪពុកមានឈ្មោះ ថាច់ ឈួន អាយុ ៦៧ ឆ្នាំ។ ដោយឡែក ជនសង្ស័យជាឃាតកជនជាតិវៀតណាម ពុំត្រូវបានបញ្ជាក់ឈ្មោះ ត្រូវបានសមត្ថកិច្ចនគរបាលវៀតណាម ចាប់ខ្លួនរួចហើយ កាលពីវេលាម៉ោង ៨ ព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០។
ជុំវិញករណីអំពើឃាតកម្មនេះ បើតាមប្រភពពីអ្នកភូមិ បានឲ្យដឹងថា នៅវេលាម៉ោង ១០ យប់ ស្រ្តីរងគ្រោះជាកូន បានចេញមកពីធ្វើការរោងចក្រ រួចហើយក៏ទៅងូតទឹកនៅក្រោយផ្ទះរបស់ខ្លួន ស្រាប់តែឃាតករលបមកវាយសម្លាប់ពីក្រោយខ្នង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។ ភ្លាមៗនោះ ក្រោយពីបានលឺសម្រែកកូនស្រី ឪពុកឈ្មោះ ថាច់ ឈួន អាយុ ៦៧ ឆ្នាំ ក៏រត់ចេញមកជួយ តែដោយសារគាត់មានវ័យចាស់ជរា និងកម្លាំងខ្សោយផង ក៏ត្រូវបានឃាតកវាយសម្លាប់ថែមទៀតតែម្តង។
បច្ចុប្បន្ន សមត្ថកិច្ចវៀតណាម កំពុងតែបើការស៊ើបអង្កេលើករណីឃាតកម្មនេះ ខណៈមហាជនបានដាក់ការសង្ស័យករណីពីរថា អាចជារឿងគំនុំ ឬ ការប៉ុនប៉ងរំលោភ៕