សម្តេចតោជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការព្រមាននិងចាត់វិធានការក្តៅ មិនអាចអត់ឱនឲ្យបានជាដាច់ខាត បំពោះមន្រ្តីភូមិ និងឃុំ/សង្កាត់មួយណា បំពេញការងារមិនបានត្រឹមត្រូវ ដោយការឃុបឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិ បងប្អូន កូនក្មួយ ខ្លួនឯង ដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់ក្នុងខ្លឹមសារដូចតទៅ៖ «កាលពីពេលថ្មីៗកន្លងមកនេះ ខ្ញុំបានប្រកាសដាក់ អោយប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ ដោយសារផល ប៉ះពាល់នៃជំងឺកូវីដ-១៩”។ ដើម្បីធានាថា បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយ ឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្នភាព គ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះ មានសារៈសំខាន់ខ្លាំងណាស់ ។
ការងារនេះ គឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុង លើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលត្រូវតែធ្វើអោយបានច្បាសលាស់ និងហ្មត់ចត់បំផុត ។ ដូច្នេះដើម្បីធានាឲ្យបាន នូវតម្លាភាព និងសុច្ចរិតភាព ក្នុងការផ្តល់សេវា សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ខ្ញុំសូមចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ពិសេសចំពោះ អ្នកអនុវត្តផ្ទាល់ នៅតាមឃុំសង្កាត់ទាំងអស់ គឺត្រូវផ្តោតការយកចិត្តទុកដាក់ បំពេញការងារនេះ ឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាត នូវការឃុបឃិតគ្នា ដាក់បញ្ចូលសាច់ញាត្តិ បងប្អូន កូនក្មួយ ខ្លួនឯង ដែលមិនមែនជាគ្រួសារក្រីក្រ នឹងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបាន នូវប្រាក់ឧបត្ថម្ភនេះ ។
ខ្ញុំនឹងចាត់វិធានការណ៍ក្តៅហើយនឹង មិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថា នៅក្នុងភូមិ និងឃុំ/សង្កាត់មួយណា មានករណីមិនប្រក្រតីនេះ កើតមានឡើង»៕