អគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីព្រឹកមិញនេះ (ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០) ប្រកាសសេចក្ដីជូនដំណឹង និងអញ្ចើញជាលើកចុងក្រោយ ដល់ម្ចាស់យានយន្ដ និងម្ចាស់ទំនិញគេចពន្ធដែលត្រូវបានបង្ក្រាប និងរក្សាទុកបណ្ដុះអាសន្នដោយរដ្ឋបាលគយ សូមចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធអាករ និងពិន័យតាមច្បាប់ និងបទប្បញ្ញត្ដិជាធរមាន ក្នុងរយៈពេល មិនលើសពី៦០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្នុងសេចក្តីជូនដំណឹងនេះផងដែរ ក៏បានបញ្ជាក់ថា ចំពោះម្ចាស់រថយន្តចង្កូតស្តាំ ត្រូវបំពេញលក្ខខណ្ឌចំនួនពីរគឺ៖ ទី១ កក់ប្រាក់ចំនួន ៧០% នៃប្រាក់ពន្ធអាករ និងពិន័យដែលត្រូវបង់ និងយករថយន្តទៅកែចង្កូតពីស្តាំ មកឆ្វេងនៅយានដ្ឋានដែលទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច។ ទី២ ក្នុងរយៈពេលមិនលើសពី ៣០ថ្ងៃ ម្ចាស់រថយន្តត្រូវយករថយន្ត ដែលបានកែចង្កូតរួចមកបង្ហាញ មន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ច និងបង់ប្រាក់ពន្ធអាករ និងពិន័យបន្ថែម ៣០% ទៀត ដើម្បីទទួលបានបង្កាន់ដៃពន្ធយានយន្តសម្រាប់ប្រើប្រាស់ក្នុងការចុះបញ្ជីយានយន្តស្របតាមច្បាប់និង បទប្បញ្ញត្តិជាធរមាន។
ក្នុងករណីម្ចាស់ខកខានមិនបានចូលខ្លួនមកបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌ និងពេលវេលាដូចបានរៀបរាប់ខាងលើ និងអនុលោមតាមបញ្ញត្តិមាត្រា៥៤ និងមាត្រា៥៥ នៃច្បាប់ស្ដីពីគយ យានយន្តនឹងទំនិញទាំងនោះ និងត្រូវចាត់ទុកជាទំនិញគ្មានការទាមទារ ហើយ អគរ និងប្រកាសដាក់លក់ដោយដេញថ្លៃជាសាធារណៈ តាមនីតិវិធីជាធរមាន ដើម្បីប្រមូលចំណូលចូលថវិកាជាតិ៕
ដើម្បីជ្រាបច្បាស់ សូមអានសេចក្តីជូនដំណឹង ដែលមានខ្លឹមសារដើមទាំងស្រុងដូចរូបខាងក្រោម៖