ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់កាបូបពីបុរសម្នាក់បានសម្រេច តែត្រូវម្ចាស់ជិះឡានដេញតាម និងជ្រុលបុក បណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែង ដែលត្រូវបានដឹងថាជាចោរស្រីតែងខ្លួនជាប្រុស រីឯដៃគូម្នាក់ទៀត ជិះរត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២ និង ២០ នាទី រសៀលថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមម្ចាស់ម្ចាស់កាបូប ដែលត្រូវបានដឹងថាជាចៅក្រមខេត្តកោះកុង បានឲ្យដឹងថា រូបគាត់បានបើករថយន្តម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខៈ ភ្នំពេញ 2AF-7006 ក្នុងទិសដៅពីត្បូងទៅជើង ក្នុងបំណងទៅកាត់សក់នៅហាងមួយ ប៉ុន្តែ នៅពេលគាត់បើកទ្វារថយន្តបម្រុងដើរចូលទៅក្នុងហាងកាត់សក់ ស្រាប់តែមានជនសង្ស័យជាស្រ្តីតែងខ្លួនធ្វើជាប្រុសម្នាក់ បានជិះម៉ូតូម៉ាកសង់ឌ្រីមសេ ១២៥ ស៊េរីឆ្នាំ២០១៩ មកពីក្រោយ ធ្វើសកម្មភាពឆក់កាបូបពីដៃគាត់បានសម្រេចតែម្តង ដែលក្នុងកាបូបនោះមានលុយជិត១ម៉ឺនដុល្លារឯណោះ។
ម្ចាស់កាបូបបន្តថា បន្ទាប់ពីឆក់រួច ចោរស្រីតែងខ្លួនជាប្រុសនោះបានជិះម៉ូតូគេចខ្លួនយ៉ាងលឿនតែម្តង ភ្លាមៗនោះ គាត់ក៏បានជិះឡានដេញតាម រហូតដល់ចំណុចកើតហេតុ ក៏បានវាក់នឹងរថយន្ត១គ្រឿងទៀតនៅខាងមុខ ហើយដោយសារខណៈពេលនោះបើកលឿនទៀត ក៏ជ្រុលទៅបុកម៉ូតូជនសង្ស័យពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យជនជាចោររូបនេះស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង៕